សេចក្តីប្រកាសព័ត៌មានរួម៖ សេចក្តីប្រកាសព័ត៌មានរួម

8 មិថុនា 2026

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ — រដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) នៅថ្ងៃនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់វិភាគទាន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ស្តារឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជាជូនគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុង​ឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យប្រជាជនជាង ៦៤០.០០០ នាក់ ផ្លាស់ទីលំនៅ និងរំខានដល់សេវាចាំបាច់ សំខាន់ៗ នៅតាមខេត្តមួយចំនួន។

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង​សង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia)  តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។ 

វិភាគទានរបស់អូស្ត្រាលីក្នុង​ទឹកប្រាក់ចំនួន ១,៥ លានដុល្លារអូស្ត្រាលី   ដែលផ្តល់តាមរយៈ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល (CfR) ដំណាក់កាលទី៥ នឹងគាំទ្រដល់ការរំដោះផ្ទៃដីពីគ្រាប់មីន ការអប់រំយល់ដឹងអំពីហានិភ័យនៃយុទ្ធភណ្ឌគ្រឿង​ផ្ទុះ (EORE) និង​ជំនួយផ្នែកជីវភាពរស់នៅ ដើម្បី ផ្តល់លទ្ធភាពឱ្យជនភៀសសឹកអាចវិលត្រឡប់មកវិញដោយសុវត្ថិភាព និង​គាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង ស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ។ ការគាំទ្រនេះផ្តោតលើខេត្តចំនួនបួន ដែលរងផល​ប៉ះ​ពាល់ខ្លាំងជាងគេ ពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងការគំរាមកំហែងពីយុទ្ធភណ្ឌមិនទាន់​ផ្ទុះដែលនៅ​សេស​សល់ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ការផ្តល់វិភាគទាននេះ នឹងគាំទ្រដោយផ្ទាល់ដល់ការរំដោះផ្ទៃដីដែលរងការគំរាមកំហែងចំនួន ៤,៤ គីឡូ​ម៉ែត្រ​ក្រឡា ផ្តល់ផលដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង ៩.៧០០ នាក់ និងផ្តល់ការអប់រំយល់ដឹង​អំពី​ហានិភ័យ​យុទ្ធភណ្ឌគ្រឿង​ផ្ទុះដល់សមាជិកសហគមន៍ចំនួន ១៨.០០០ នាក់។ បន្ថែមពីនេះ វិភាគទាននេះនឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ជីវភាព​រស់នៅដល់ជនភៀសសឹកចំនួន ៤០០ គ្រួសារ ដែលផ្ទះសម្បែង កសិដ្ឋាន និងអាជីវកម្ម ខ្នាតតូច​របស់​ពួកគេ​រងផលប៉ះពាល់ ដើម្បីជួយពួកគេក្នុងការស្តារប្រាក់ចំណូល និងកសាង​ជីវភាព​ឡើង​វិញ។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា៖ "អូស្ត្រាលី​ គឺជាដៃគូសកម្មភាពមីនដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់កម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក។ ជាមួយនឹងវិភាគទានថ្មីនេះ ការគាំទ្រសរុបរបស់អូស្ត្រាលីដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល នឹង​កើន​ដល់ ៤៥,៣១ លានដុល្លារអូស្ត្រាលី ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការសង្គ្រោះជីវិត និង​ការជំរុញការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា ជាងបីទសវត្សរ៍មកនេះ។ ក្រោមការដឹកនាំដ៏​ឈ្លាសវៃ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា និងតាម​រយៈកិច្ចសហការ​យ៉ាងស្អិតរមួត​រវាងរាជរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី យូអិនឌីភី និងអាជ្ញាធរមីន ភាពជាដៃគូនេះបានកាត់បន្ថយ​ការគំរាម​កំហែង​ពី​គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រគល់ដីជូនសហគមន៍វិញ និងបង្កើតឱកាស ប្រកបរបរចិញ្ចឹមជីវិត និង​កំណើនសេដ្ឋកិច្ច។ គោលបំណងចុងក្រោយនៃសកម្មភាពមីន គឺដើម្បីប្រជាជន។ ផលវិជ្ជមានពិតប្រាកដរបស់វា មិន​ត្រូវបានវាស់វែងដោយផ្ទៃដីដែលបានបោសសម្អាតនោះទេ ប៉ុន្តែត្រូវបានវាស់វែង ដោយជីវិតដែលត្រូវបានផ្លាស់ប្តូរ តាមរយៈសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមដ៏ធំធេង សម្រាប់ក្រុមគ្រួសារ និងសហគមន៍កម្ពុជា"។

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ "អូស្ត្រាលី​មាន​ប្រវត្តិដ៏យូរលង់ ក្នុងការងារបោសសម្អាតមីននៅកម្ពុជា គួរជាទីមោទន។ ពីការគាំទ្រដែល​បាន​ផ្តល់​ក្នុងដំណើរការស្វែងរកសន្តិភាព រហូតដល់ភាពជាដៃគូប្រកបដោយចីរភាពរបស់យើងលើសកម្មភាពមីន ក្នុង​ទសវត្សរ៍​បន្តបន្ទាប់ អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាអ្នកគាំទ្រដ៏យូរអង្វែង និងអាចពឹង​ផ្អែកបាន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កិច្ច​ខិតខំប្រឹងប្រែងរបស់យើង នឹងបន្តផ្តោតលើការងារក្នុងវិស័យស្តារពលកម្មកាយសម្បទា ដែលគាំទ្រ​ដល់​ប្រជាជនកម្ពុជាជាច្រើននាក់ រួមទាំងអ្នកនៅរស់រានមានជីវិតពីគ្រាប់មីនផងដែរ។ អូស្ត្រាលីបាន​ផ្តល់វិភាគទាន​ចុង​ក្រោយចំនួន ១,៥ លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដោយផ្តោត​លើការ​គាំទ្រ​ការ​បោសសម្អាត និងការលើកកម្ពស់ជីវភាពរស់នៅសម្រាប់សហគមន៍ ដែលរងផលប៉ះពាល់ដោយសារជម្លោះ​ព្រំដែន"។

លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងយូអិនឌីភី បានមានប្រសាសន៍ថា៖ "យូអិនឌីភី វាយតម្លៃ​ខ្ពស់​ចំ​ពោះភាពជាដៃគូ និងការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់អូស្ត្រាលី ចំពោះវិស័យ​សកម្មភាពមីនរបស់កម្ពុជា។ ផ្អែក​លើ​ជំនាញ និងបទពិសោធន៍សកលរបស់ យូអិនឌីភី ក្នុងវិស័យសកម្មភាពមីន និងការស្តារឡើងវិញ រួមជាមួយកិច្ចសហការដ៏ល្អអស់រយៈពេលពីរទសវត្សរ៍ជាមួយអាជ្ញាធរមីន យូអិនឌីភីនៅតែប្តេជ្ញា​គាំទ្រដល់កិច្ច​ខិតខំប្រឹងប្រែង​សកម្ម-ភាព​​មីនរបស់កម្ពុជា និងធានាថាផ្ទៃដីដែលបានបោសសម្អាត រួមចំណែក ដល់ការពង្រឹងសុវត្ថិភាព ជីវភាពរស់នៅ និងឱកាសអភិវឌ្ឍន៍កាន់តែប្រសើរសម្រាប់សហគមន៍"។

វិភាគទាននេះនឹងត្រូវបានផ្តល់ជូនតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ ដែល​ជាគម្រោងពហុម្ចាស់ជំនួយ ទទួលបានការគាំទ្រថវិកាពីរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី អ៊ីតាលី លុចសំបួ និង​នូវែលសេឡង់ និងអនុវត្តដោយអាជ្ញាធរមីន និងយូអិនឌីភី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុង​ការដោះស្រាយបញ្ហាសំណល់ពីអតីតកាលនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងចូលរួមចំណែក​ដល់​ការស្តារឡើងវិញ ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

អំពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ (CfR Phase V)

គម្រោង បោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ (២០២៦-២០៣០)​គាំទ្រ ដល់គោលដៅ របស់កម្ពុជា ក្នុងការក្លាយ​ជា​ប្រទេសគ្មានមីនត្រឹមឆ្នាំ២០៣០ ក្រោមគោលនយោបាយជាតិស្តី ពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥។ គម្រោង​​នេះ បញ្ចូលគ្នានូវការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម (ERW) ការអប់រំយល់ដឹង​ពី​ហានិភ័យ ជំនួយសង្គ្រោះជនរងគ្រោះ ការគាំទ្រជីវភាពរស់នៅ និងការពង្រឹងស្ថាប័ន ដើម្បីជួយសហគមន៍​ក្នុង​ការស្តា​រឡើងវិញ កសាងភាពធន់ និងជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាព។

ផ្អែកលើភាពជាដៃគូពីរទសវត្សរ៍រវាងយូអិនឌីភីនិងអាជ្ញាធរមីន គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល (CfR) បានជួយបោសសម្អាត និងរំដោះផ្ទៃដីដែលមានការគំរាមកំហែងចំនួន ៤២៧ គីឡូម៉ែត្រក្រឡា តាំង​ពី​ឆ្នាំ២០០៦ មកម្ល៉េះ។ ឆ្លងកាត់ដំណាក់កាលទី១ ដល់ទី៤ គម្រោងទាំងនេះបានចូលរួមចំណែក ១៣,៥ ភាគរយ​នៃ​សមិទ្ធផលសកម្មភាពមីនសរុបរបស់កម្ពុជា ដែលជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានដីធ្លី ជីវភាព​រស់​នៅ និងសេវាចាំបាច់នានា សម្រាប់សហគមន៍ដែលរងផលប៉ះពាល់។

---

ចប់

សម្រាប់ព័ត៌មានបន្ថែមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទង កញ្ញាអាត់ ឈុនមួយ អ្នកជំនាញផ្នែកទំនាក់​ទំនងរបស់យូអិនឌីភី តាមអ៊ីមែល៖ communications.kh@undp.org​​ 

UNDP គឺជាបណ្តាញអភិវឌ្ឍន៍សកលរបស់អង្គការសហប្រជាជាតិ ដែលស្វែងរកមតិគាំទ្រ ដើម្បីការផ្លាស់ប្តូរ និង​ភ្ជាប់រដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ទៅនឹងចំណេះដឹង បទពិសោធន៍ និងធនធាន ដើម្បីបញ្ចប់ភាព​អយុត្តិធម៌​នៃភាពក្រីក្រ និងវិសមភាព ពន្លឿនកំណើនប្រកបដោយបរិយាប័ន្ន ពង្រឹងអភិបាលកិច្ចល្អ និងសន្តិភាព ព្រមទាំងលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិ និងភាពធន់នឹងអាកាសធាតុ។ ដោយមានវត្តមាននៅជាង ១៧០ ប្រទេស និងដែនដី យើងជួយប្រជាជាតិទាំងឡាយក្នុងការអនុវត្តដំណោះស្រាយរបស់ពួកគេ ដើម្បី​ពន្លឿន​ការ​សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សម្រាប់ប្រជាជន ភពផែនដី និង​វិបុលភាព​របស់​ពួកគេ។​ស្វែងយល់បន្ថែមនៅគេហទំព័រ https://www.undp.org/cambodia ឬតាមដាន​ពួកយើ​ង​ តាម​រយៈ @UNDPCambodia។