កម្ពុជាប្រកាសចាប់ផ្តើមអនុវត្តគំនិតផ្តួចផ្តើមកាត់បន្ថយសំណល់អេឡិចត្រូនិក ដោយមានការគាំទ្រពីយូអិនឌីភី និងមូលនិធិបរិស្ថានពិភពលោក
21 កញ្ញា 2026
រាជធានីភ្នំពេញ — កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) សហការជាមួយក្រសួងបរិស្ថានកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសចាប់ផ្តើមអនុវត្តគម្រោងមួយ ដើម្បីពង្រឹងការគ្រប់គ្រងសំណល់អេឡិចត្រូនិក និងជំរុញសេដ្ឋកិច្ចចក្រានៅកម្ពុជា ដោយមានការគាំទ្រហិរញ្ញប្បទានឥតសំណងចំនួន ៤ លានដុល្លារអាម៉េរិក ពីមូលនិធិបរិស្ថានពិភពលោក (GEF)។
អនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១ គម្រោងនៅកម្ពុជានេះ ជាផ្នែកមួយនៃ “កម្មវិធីគ្រប់គ្រងគ្រឿងអេឡិចត្រូនិកជាសកល (GEM)” ដែលជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសជាច្រើន ដើម្បីកាត់បន្ថយការបំពុល និងកែលម្អការប្រើប្រាស់ធនធាន នៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់តម្លៃគ្រឿងអេឡិចត្រូនិក។ នៅកម្ពុជា គេរំពឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនជាង ២០០.០០០ នាក់ តាមរយៈលក្ខខណ្ឌការងារដែលកាន់តែមានសុវត្ថិភាព និងការកាត់បន្ថយការប៉ះពាល់នឹងសំណល់គ្រោះថ្នាក់។
គំនិតផ្តួចផ្តើមនេះក៏ទទួលបានការគាំទ្រ តាមរយៈសហហិរញ្ញប្បទានប្រមាណ ២៦ លានដុល្លារអាម៉េរិក ពីរាជរដ្ឋា-ភិបាលកម្ពុជា និងដៃគូវិស័យឯកជនផងដែរ។ គេរំពឹងថា គម្រោងនេះនឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជាង ២៧.០០០ តោន ធានាការគ្រប់គ្រងនិងការបោះចោលសារធាតុគ្រោះថ្នាក់ដោយសុវត្ថិភាព ដូចជា សារធាតុបំពុលសរីរាង្គដែលមិនងាយបំបែកធាតុ និងបារត ជាដើម ព្រមទាំងទប់ស្កាត់មិនឱ្យសារធាតុពុលជាង ២០.០០០ តោន ចូលទៅក្នុងបរិស្ថាន។
លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងយូអិនឌីភីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ទំហំ និងល្បឿននៃបម្រែបម្រួលការប្រើប្រាស់គ្រឿងអេឡិចត្រូនិកនៅកម្ពុជា ពិតជាគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២៤ កម្ពុជាមានឧបករណ៍អេឡិចត្រូនិកកំពុងប្រើប្រាស់ប្រមាណ ២៤ លានគ្រឿង ដូច្នេះប្រព័ន្ធសម្រាប់គ្រប់គ្រងឧបករណ៍គ្រឿង អេឡិចត្រូនិកនៅពេលផុតអាយុកាលប្រើប្រាស់ ក៏ចាំបាច់ត្រូវអភិវឌ្ឍឱ្យទាន់សម័យ និងស្របតាមការកើនឡើងនេះ ផងដែរ។ យើងត្រូវការពង្រឹងសមត្ថភាព និងវិធានការការពារដើម្បីកុំឱ្យសហគមន៍ និងកម្មករនិយោជិតប្រឈមនឹងការអនុវត្តដែលបង្កគ្រោះថ្នាក់ និងសារធាតុពុល។ គំនិតផ្តួចផ្តើមនេះគាំទ្រការផ្លាស់ប្តូរទៅរកប្រព័ន្ធដែលកាន់តែមានសុវត្ថិភាព និងងាយអនុវត្ត ដើម្បីការពារសុខភាពសាធារណៈ និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់សេដ្ឋកិច្ចដែលកាន់តែមានចីរភាព និងភាពធន់»។
លោកស្រី Xiaofang Zhou ប្រធានផ្នែកប្រព័ន្ធត្រជាក់ សេដ្ឋកិច្ចចក្រា និងការបង្ការការបំពុលនៅយូអិនឌីភី មានប្រសាសន៍ថា៖ «សំណល់អេឡិចត្រូនិកមានផ្ទុកវត្ថុធាតុដែលមានតម្លៃ ប៉ុន្តែក៏មានសារធាតុគ្រោះថ្នាក់ផងដែរ ដែលធ្វើឱ្យការទាញយកវត្ថុធាតុទាំងនោះមកប្រើប្រាស់ឡើងវិញដោយសុវត្ថិភាព មានភាពស្មុគស្មាញ។ បញ្ហាប្រឈមគឺការទាញយកវត្ថុធាតុទាំងនោះមកប្រើប្រាស់ឡើងវិញ ដោយមិនបង្កហានិភ័យដល់បរិស្ថាន និងសុខភាព។ ផលិតផលជាច្រើនក៏មិនត្រូវបានរចនាឡើងដោយគិតគូរដល់ការទាញយកវត្ថុធាតុមកប្រើប្រាស់ឡើងវិញដែរ ដែលធ្វើឱ្យការបំបែកវត្ថុធាតុមានការលំបាក។ ដើម្បីដោះស្រាយបញ្ហានេះ ចាំបាច់ត្រូវមានប្រព័ន្ធប្រមូល រុះរើ និងប្រព្រឹត្តកម្មដែលរឹងមាំជាងមុន ដើម្បីអាចទាញយកវត្ថុធាតុមកប្រើប្រាស់ឡើងវិញប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពកាន់តែខ្ពស់ ជំនួសឱ្យការបាត់បង់វត្ថុធាតុទាំងនោះ ឬការចាត់ចែងក្នុងលក្ខខណ្ឌគ្មានសុវត្ថិភាព»។
ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «ក្រសួងបរិស្ថានប្តេជ្ញាចិត្តក្នុងការប្រែក្លាយប្រព័ន្ធគ្រប់គ្រងសំណល់ពីគំរូប្រើប្រាស់រួចបោះចោល (បែបលីនេអ៊ែរ-Linear) ទៅជាគំរូសេដ្ឋកិច្ចចក្រាដែលផ្តល់តម្លៃលើធនធាន កាត់បន្ថយសំណល់ និងការពារសុខមាលភាពប្រជាជន និងគុណភាពបរិស្ថាន។ តាមរយៈក្រម បរិស្ថាននិងធនធានធម្មជាតិ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ជាពិសេសមុំ «ភាពស្អាត» ក្រសួងបរិស្ថាន កំពុងបន្តពង្រឹងគោលនយោបាយ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តិ លើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកផលិតនិងអ្នកនាំចូល លើកទឹកចិត្តឱ្យមាននវានុវត្តន៍ក្នុងការកែច្នៃសំណល់ ការស្តារនិងប្រើប្រាស់ធនធានឡើងវិញ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈតាមរយៈការរៀបចំយុទ្ធនាការ និងព្រឹត្តិការណ៍សង្គមនានា»។
Claude Gascon ប្រធាននាយកប្រតិបត្តិ និងជាប្រធានស្តីទីនៃមូលនិធិ GEF មានប្រសាសន៍ថា «តាមរយៈកម្មវិធី GEM មូលនិធិ GEF កំពុងគាំទ្របណ្តាប្រទេស ក្នុងការដោះស្រាយប្រភពបំពុល មួយក្នុងចំណោម ប្រភពបំពុលនានាដែលកំពុងកើនឡើងលឿនបំផុត។ នៅពេលការប្រើប្រាស់គ្រឿងអេឡិចត្រូនិកបន្តកើនឡើង ផលប៉ះពាល់របស់វាទៅលើបរិស្ថាននឹងកាន់តែពិបាកគ្រប់គ្រង ប្រសិនបើគ្មានប្រព័ន្ធដែលមានប្រសិទ្ធភាព។ ការដោះស្រាយបញ្ហាសំណល់អេឡិចត្រូនិកក៏តម្រូវឱ្យមានការផ្លាស់ប្តូររបៀបប្រតិបត្តិការរបស់ទីផ្សារព្រម ទាំងគោលនយោបាយ និងស្តង់ដារដែលកាន់តែច្បាស់លាស់ ដើម្បីគាំទ្រការអនុវត្តដែលមានសុវត្ថិភាព និងចីរភាពជាងមុន។ គំនិតផ្តួចផ្តើមនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងមូលដ្ឋានគ្រឹះនោះនៅកម្ពុជា»។
គម្រោងនេះនឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគោលនយោបាយ ការអនុវត្តច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងគ្រឿងអេឡិចត្រូនិកពេញមួយវដ្តជីវិតរបស់វា ចាប់ពីការនាំចូល និងការប្រើប្រាស់ រហូតដល់ការជួសជុល ការកែច្នៃឡើងវិញ និងការបោះចោលចុងក្រោយ។ គម្រោងនេះក៏នឹងគាំទ្រដល់ការរៀបចំស្តង់ដារកាន់តែច្បាស់លាស់ សម្រាប់ការចាត់ចែងវត្ថុធាតុគ្រោះថ្នាក់ និងរៀបចំប្រព័ន្ធជាតិកាន់តែប្រសើរ សម្រាប់តាមដាន និងគ្រប់គ្រងសំណល់អេឡិចត្រូនិកផងដែរ។
គំនិតផ្តួចផ្តើមនេះនឹងបង្កើតប្រព័ន្ធប្រមូលសំណល់អេឡិចត្រូនិកដែលមានរចនាសម្ព័ន្ធច្បាស់លាស់ សាកល្បងបង្កើតទីតាំងប្រមូលនៅតាមសាលារៀន និងសហគមន៍ ព្រមទាំងពង្រីកសេវាជួសជុល និងប្រើប្រាស់ឡើងវិញ ដើម្បីពន្យារអាយុកាលប្រើប្រាស់របស់ផលិតផលអេឡិចត្រូនិក។ គំនិតផ្តួចផ្តើមនេះក៏នឹងគាំទ្រអាជីវកម្មឱ្យរៀបចំសកម្មភាពកែច្នៃឡើងវិញ និងជួសជុលកែលម្អផលិតផលចាស់ឡើងវិញ ដើម្បីជួយកសាងទីផ្សារដែលកាន់តែអាចដំណើរការបានប្រកបដោយនិរន្តរភាព សម្រាប់ការអនុវត្តតាមគោលការណ៍សេដ្ឋកិច្ចចក្រា។
កិច្ចខិតខំប្រឹងប្រែងនេះក៏នឹងផ្តោតលើការធ្វើឱ្យប្រសើរនូវលក្ខខណ្ឌសម្រាប់អ្នកប្រកបរបរក្រៅប្រព័ន្ធ ដែលដើរតួនាទីស្នូលក្នុងការប្រមូលសំណល់អេឡិចត្រូនិក តាមរយៈការបណ្តុះបណ្តាល ការអនុវត្តកាន់តែមានសុវត្ថិភាព និងការគាំទ្របញ្ចូលពួកគេទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបី ដែលយូអិនឌីភី ដឹកនាំការអនុវត្តកម្មវិធី GEM រួមជាមួយប្រទេសវៀតណាម និងកូឡុំប៊ី។ កម្មវិធី GEM ដែលដឹកនាំដោយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) គាំទ្រប្រទេសចំនួន ១៦ នៅទូទាំងពិភពលោក ក្នុងការកាត់បន្ថយសំណល់អេឡិចត្រូនិក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
Chhunmuoy Ath
អ្នកជំនាញផ្នែកទំនាក់ទំនង
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ
communications.kh@undp.org
Alexandre Pinheiro Rego
មន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការខាងក្រៅ
មូលនិធិបរិស្ថានពិភពលោក
arego@thegef.org
អំពីយូអិនឌីភី
UNDP គឺជាបណ្តាញអភិវឌ្ឍន៍សកលរបស់អង្គការសហប្រជាជាតិ ដែលស្វែងរកមតិគាំទ្រ ដើម្បីការផ្លាស់ប្តូរ និងភ្ជាប់រដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ទៅនឹងចំណេះដឹង បទពិសោធន៍ និងធនធាន ដើម្បីបញ្ចប់ភាពអយុត្តិធម៌នៃភាពក្រីក្រ និងវិសមភាព ពន្លឿនកំណើនប្រកបដោយបរិយាប័ន្ន ពង្រឹងអភិបាលកិច្ចល្អ និងសន្តិភាព ព្រមទាំងលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិ និងភាពធន់នឹងអាកាសធាតុ។ ដោយមានវត្តមាននៅជាង ១៧០ ប្រទេស និងដែនដី យើងជួយប្រជាជាតិទាំងឡាយក្នុងការអនុវត្តដំណោះស្រាយរបស់ពួកគេ ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សម្រាប់ប្រជាជន ភពផែនដី និងវិបុលភាពរបស់ពួកគេ។ស្វែងយល់បន្ថែមនៅគេហទំព័រ https://www.undp.org/cambodia ឬតាមដានពួកយើង តាមរយៈ @UNDPCambodia។
អំពីមូលនិធិបរិស្ថានពិភពលោក
មូលនិធិបរិស្ថានពិភពលោក (GEF) គឺជាមូលនិធិពហុភាគីសម្រាប់បរិស្ថានធំបំផុតនៅលើពិភពលោក។ មូលនិធិនានាដែលស្ថិតក្នុងក្រុមមូលនិធិរបស់ GEF ធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមបន្ទាន់បំផុតរបស់ភពផែនដី តាមវិធីសាស្ត្ររួមបញ្ចូលគ្នា។ ហិរញ្ញប្បទានរបស់ GEF ជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យដោះស្រាយបញ្ហាប្រឈមស្មុគស្មាញ និងឈានទៅសម្រេចគោលដៅបរិស្ថានអន្តរជាតិ។ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមក GEF បានផ្តល់ហិរញ្ញប្បទានជាង ២៧ ពាន់លានដុល្លារអាម៉េរិក ដែលភាគច្រើនជាហិរញ្ញប្បទានឥតសំណង និងបានកៀរគរថវិកាបន្ថែមចំនួន ១៥៥ ពាន់លានដុល្លារអាម៉េរិក សម្រាប់គម្រោងអាទិភាពដែលដឹកនាំដោយប្រទេសសាមី។
អំពីក្រសួងបរិស្ថាន
ក្រសួងបរិស្ថាន ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៣ និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ភារកិច្ចឱ្យដឹកនាំ និងគ្រប់គ្រងវិស័យបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។