ប្រទេសកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.0) សំដៅពន្លឿនសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព

18 កញ្ញា 2025

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.0) របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាផែនការសកម្មភាពអាកាសធាតុថ្មីរបស់កម្ពុជា ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ ការដាក់ចេញនូវផែនការនេះជាជំហានដ៏មានសារៈសំខាន់មួយក្នុងដំណើរការជំរុញមហិច្ឆតាអាកាសធាតុ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ 

ពិធីនេះត្រូវបានប្រារព្ធឡើងនៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយនឹងឯកឧត្តម DRIESMANS Igor ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តម Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង លោក Enrico Gaveglia តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពី មន្ត្រីរាជរដ្ឋាភិបាលក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ (CCTWG) ដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យអប់រំ អង្គការសង្គមស៊ីវិល និងតំណាងយុវជន សរុបចំនួនប្រមាណ ២៥០រូប។ 

NDC3.0 របស់កម្ពុជា ត្រូវបានរៀបចំឡើងក្រោមដំណើរការពិគ្រោះយោបល់ដ៏ទូលំទូលាយ ដោយរួមបញ្ចូលកិច្ចពិគ្រោះយោបល់នានាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល វិស័យឯកជន វិស័យអប់រំ ជនជាតិដើមភាគតិច អង្គការយុវជន និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នារៀបចំផែនការជាតិមួយស្របនឹងអាទិភាពសកម្មភាពអាកាសធាតុរបស់ខ្លួន នៅមុនសន្និសីទបណ្តាភាគី លើកទី៣០ (COP30) នាពេលខាងមុខនៅប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្លែងក្នុងកម្មវិធីបើក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា «NDC3.0 របស់កម្ពុជាមានមហិច្ឆតា អាចអនុវត្តបាន និងបរិយាបន្នដោយឆ្លុះបញ្ចាំងពីមហិច្ឆតាជាតិក្នុងការកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការកៀរគរហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ផែនការជាតិនេះស្របនឹងគោលដៅជាសកលក្នុងការកំណត់សីតុណ្ហភាពឱ្យនៅក្រោមកម្រិត ១.៥ អង្សារសែលស៊ុស និងក្របខណ្ឌគោលនយោបាយជាតិសំខាន់ៗ មានជាអាទិ៍៖ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣»។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ក្រសួង ស្ថាប័ន ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការរៀបចំវិធានការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។»

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថាប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តឥតងាករេក្នុងការចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ «ការអនុវត្ត NDC3.0 របស់កម្ពុជាប្រកបដោយភាពជោគជ័យទៅបានគឺអាស្រ័យទៅលើការចូលរួមពីគ្រប់វិស័យ និងអ្នកពាក់ព័ន្ធ ជាពិសេសកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការគាំទ្រប្រកបដោយនិរន្តរភាព។ ខ្ញុំសូមអំពាវនាវឱ្យដៃគូអន្តរជាតិ ពន្លឿនការគាំទ្រតាមរយៈហិរញ្ញប្បទានអាកាសធាតុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ»។

ឯកឧត្តម DRIESMANS Igor ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា «ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ NDC3.0 របស់កម្ពុជានៅថ្ងៃនេះ បង្ហាញអំពីសក្ខីភាពនៃការប្តេជ្ញាចិត្ត និងកិច្ចសហការរួមគ្នារវាងសហភាពអឺរ៉ុបនិងកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ តាមរយៈគំនិតផ្តួចផ្តើមដូចជាយុទ្ធសាស្ត្រ និងការវិនិយោគ Global Gateway របស់សហភាពអឺរ៉ុប យើងអាចពង្រឹងភាពខ្លាំង និងធនធានរួមគ្នា សម្រាប់អនាគតប្រកបដោយនិរន្តរភាព និងភាពរុងរឿងសម្រាប់ប្រជាជនកម្ពុជា និងអ្នកពាក់ព័ន្ធ»។ 

ឯកឧត្តមបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបមានគោលបំណងប្រែក្លាយមហិច្ឆតាអាកាសធាតុរបស់កម្ពុជាទៅជាសកម្មភាពជាក់ស្តែង ដោយផ្តោតលើដំណោះស្រាយហិរញ្ញវត្ថុអាកាសធាតុប្រកបដោយភាពច្នៃប្រឌិត និងជំរុញភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីធានាថាមាគ៌ានៃការអភិវឌ្ឍរបស់កម្ពុជាឆ្ពោះទៅរកការបញ្ចេញកាបូនតិចអាចសម្រេចទៅបាន និងមានផលជះជាវិជ្ជមាន។

ក្នុងឱកាសនោះផងដែរ លោក Enrico Gaveglia តំណាង UNDP ប្រចាំកម្ពុជាបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងនានា និងកិច្ចសហការពីគ្រប់ភាគី រួមមាន ក្រសួងស្ថាប័ន នាយកដ្ឋានបច្ចេកទេស និងដៃគូអភិវឌ្ឍន៍ ក្នុងការដាក់ចេញនូវការប្តេជ្ញាចិត្តអាកាសធាតុជាតិប្រកបដោយភាពបត់បែន និងអាចធ្វើសកម្មភាពបាន។

«ការប្រកាសដាក់ឱ្យប្រើប្រាស់ដោយជោគជ័យនូវ NDC3.0 របស់កម្ពុជាបានបង្ហាញពីតួនាទីសំខាន់នៃទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងមូលដែលអាចធ្វើការរួមគ្នាដើម្បីដោះស្រាយនូវបញ្ហាសំខាន់ៗដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងរួមបញ្ចូលគ្នាឆ្ពោះទៅរកការពន្លឿនរបៀបវារៈឆ្នាំ២០៣០។ NDC3.0 របស់កម្ពុជា បង្ហាញយ៉ាងច្បាស់អំពីឱកាសពិសេសមួយក្នុងដំណើរការឆ្ពោះទៅរកមាគ៌ានៃការផ្លាស់ប្តូរការអភិវឌ្ឍន៍ជាតិដែលបញ្ចេញកាបូនស្មើសូន្យ ប្រកបដោយភាពត្រឹមត្រូវ និងសមធម៌។ ពិតណាស់ យើងទាមទារការរួមបញ្ចូល និងទាញយកសមត្ថភាពជំនាញ និងហិរញ្ញប្បទានរបស់តួអង្គមួយចំនួនក្រៅពីទីភ្នាក់ងារអង្គការសហប្រជាជាតិកម្ពុជា ដើម្បីឆ្លើយតបនឹងការអនុវត្តសកម្មភាពអាកាសធាតុនៅលើមូលដ្ឋាន ហើយវានឹងទាមទារនូវរាល់លទ្ធភាពទទួលបាន និងសង្គតិភាពផែ្នកហិរញ្ញវត្ថុសាធារណៈ ឯកជន អន្តរជាតិ ក្នុងការអនុវត្ត NDCs ព្រមទាំងតម្រូវការផ្នែកបច្ចេកវិទ្យា និងការកសាងសមត្ថភាពដើម្បីគាំទ្រដល់បរិវត្តកម្មបៃតង»។

អំពី NDC3.0៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ជូនយ៉ាងជោគជ័យនូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥

NDC 3.0 ត្រូវបានរៀបចំឡើងដោយផ្អែកលើការប្តេជ្ញាចិត្ត និងផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យកាន់តែប្រសើរជាងមុន និងលើកកម្ពស់សមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុស្របតាមអាទិភាពជាតិ និងគោលដៅកំណត់កំណើនសីតុណ្ហភាពសកលឱ្យនៅក្រោមកម្រិត ១.៥ អង្សារសែសស៊ុស ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ផែនការជាតិនេះមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ដែលស្មើនឹងប្រមាណ ៧៣.៧ MtCO2e (លានតោននៃសមមូលឧស្ម័នកាបូនិក) នៅត្រឹមឆ្នាំ២០៣៥ ក្រោមសេណារីយ៉ូមានលក្ខខណ្ឌ ដោយផ្តោតលើវិស័យថាមពល (រួមទាំងការដឹកជញ្ជូន និងការផលិតនិងសំណង់) ដំណើរការឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល (IPPU) កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត (FOLU) និងវិស័យសំណល់។ 
 

ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.0) 


ព័ត៌មានបន្ថែម៖ 

ឯកឧត្តម ស៊ុំ ធី 
អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្ត្រ
ក្រសួងបរិស្ថាន
(855) 16907764
sum.thy@moe.gov.kh