យន្តការឆ្លើយតបដល់ភាគីពាក់ព័ន្ធ

យន្តការឆ្លើយតបទៅនឹងភាគីពាក់ព័ន្ធ (Stakeholder Response Mechanism - SRM) គឺជាអាទិភាពមួយក្រោមក្របខ័ណ្ឌគណនេយ្យភាពរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ តាមរយៈយន្តការនេះ ភាគីពាក់ព័ន្ធអាចលើកឡើងនូវការតវ៉ាផ្សេងៗ ទាក់ទងទៅនឹងផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថាន ដែលបង្កឡើងដោយគម្រោងអនុវត្តដោយ UNDP ផ្ទាល់ ឬដោយសហការជាមួយស្ថាប័ននានា។ យន្តការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កភាពងាយស្រួលដល់ភាគីពាក់ព័ន្ធ ក្នុងការលើកឡើងនូវការតវ៉ារបស់ខ្លួនតាមរយៈមធ្យោបាយនានាប្រកបដោយប្រសិទ្ធភាព ដោយមិនប្រកាន់ភេទ វប្បធម៌ ឬស្ថានភាពងាយរងគ្រោះរបស់ពួកគេឡើយ។

ការតវ៉ាដែលត្រូវបានចាត់ទុកថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការត្រួតពិនិត្យ និងឆ្លើយតបតាមរយៈយន្តការនេះ ត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

១. ការតវ៉ាត្រូវតែទាក់ទងទៅនឹងគម្រោង ឬកម្មវិធីអភិវឌ្ឍន៍ដែលអនុវត្តដោយ UNDP ផ្ទាល់ ឬតាមរយៈកិច្ចសហការជាមួយស្ថាប័នដទៃ។ 

២. ការតវ៉ាត្រូវផ្តល់នូវព័ត៌មានជាក់លាក់ ដោយពិពណ៌នាអំពីផលប៉ះពាល់ដែលកើតមាននាពេលបច្ចុប្បន្ន ឬដែលអាចនឹងកើតមាន ដែលបណ្តាលមកពីគម្រោង/កម្មវិធីអភិវឌ្ឍន៍គាំទ្រដោយ UNDP។ 

៣. ការតវ៉ាត្រូវបង្ហាញអំពីបញ្ហាជាក់ស្តែង ឬហានិភ័យដែលអាចកើតឡើង ដោយសារការមិនបានអនុលោមតាមការប្តេជ្ញាចិត្តក្នុងការបង្ការផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថានរបស់ UNDP។ 

៤. ការតវ៉ាត្រូវផ្តល់នូវព័ត៌មានអំពីការខូចខាត ឬហានិភ័យដែលអាចនឹងបង្កឡើងដល់ភាគីតវ៉ា ដែលបណ្តាលមកពីការមិនបានអនុលោមតាមការប្តេជ្ញាចិត្តក្នុងការបង្ការផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថានរបស់ UNDP។

ប្រសិនបើការតវ៉ានេះធ្លាប់បានលើកឡើងតាមរយៈយន្តការផ្សេង សូមផ្តល់ព័ត៌មានបន្ថែមអំពីយន្តការនោះ និងវឌ្ឍនភាពចុងក្រោយ។

ការតវ៉ាដែលមិនមានទំនាក់ទំនងនឹងវិសាលភាពការងាររបស់ UNDP (មានន័យថា មិនពាក់ព័ន្ធនឹងគម្រោង ឬកម្មវិធីអភិវឌ្ឍន៍របស់ UNDP) នឹងមិនត្រូវបានត្រួតពិនិត្យ ឬឆ្លើយតបឡើយ។ ចំពោះការតវ៉ាដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយត្រូវបានលើកឡើងដដែលៗដោយគ្មានព័ត៌មានបន្ថែម ក៏នឹងមិនត្រូវបានត្រួតពិនិត្យ ឬឆ្លើយតបវិញដែរ។

ភាគីពាក់ព័ន្ធត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់បណ្តាញដែលមានស្រាប់នៅកម្រិតគម្រោងដើម្បីលើកឡើងពីការតវ៉ា។ ទោះជាយ៉ាងណា នេះមិនមែនជាបុរេលក្ខខណ្ឌដែលហាមឃាត់ភាគីពាក់ព័ន្ធ មិនឱ្យលើកការតវ៉ារបស់ពួកគេតាមរយៈយន្តការនេះឡើយ។

បញ្ជាក់៖ យន្តការនេះត្រូវបានបង្កើតឡើងដើម្បីទទួល និងឆ្លើយតបទៅនឹងការតវ៉ាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តែប៉ុណ្ណោះ។ យន្តការនេះមិនមែនសម្រាប់ដាក់ពាក្យស្វែងរកការងារឡើយ។ រាល់ការដាក់ពាក្យការងារតាមរយៈយន្តការនេះ នឹងមិនត្រូវបានត្រួតពិនិត្យ ឬឆ្លើយតបឡើយ។

សូមដាក់បញ្ជូនការតវ៉ារបស់អ្នក តាមរយៈជម្រើសណាមួយខាងក្រោម។ ការតវ៉ា​ អាចធ្វើជា ភាសាខ្មែរ ឬអង់គ្លេស៖

  • បំពេញ នឹងបញ្ជូនទំរង់បែបបទសម្រាប់ការតវ៉ា​តាមរយៈតំណភ្ជាប់នេះ៖ https://forms.office.com/e/QKvzWPjwsr
  • អ៊ីមែល៖ complaints.kh@undp.org
  • ថតសំឡេង ហើយផ្ញើមកកាន់អ៊ីមែល៖ complaints.kh@undp.org
  • លេខទូរស័ព្ទ៖ +855 23 216 167/ 214 371

បន្ទាប់ពីបានដាក់ពាក្យតវ៉ា អ្នកនឹងទទួលបានការឆ្លើយតបមកវិញក្នុងអំឡុងពេល មួយសប្តាហ៍ លើកលែងតែករណីដែលអ្នកមិនបានផ្តល់ព័ត៌មានទំនាក់ទំនងសម្រាប់ទទួលចម្លើយ។

ភាគីពាក់ព័ន្ធត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យបណ្តឹង តាមរយៈយន្តការឆ្លើយតបទៅនឹងភាគីពាក់ព័ន្ធរបស់ការិយាល័យ UNDP ប្រចាំនៅប្រទេសកម្ពុជា ដើម្បីទទួលបានចម្លើយទាន់ពេលវេលា

ទន្ទឹមនឹងនោះ ភាគីពាក់ព័ន្ធក៏អាចលើកការតវ៉ាដោយផ្ទាល់ទៅកាន់ទីស្នាក់ការកណ្តាលរបស់ UNDP នៅទីក្រុងញូវយ៉កបានផងដែរ។ អ្នកអាចរកព័ត៌មានលម្អិតបន្ថែមបានតាមរយៈតំណភ្ជាប់នេះ៖​ Stakeholder Response Mechanism | United Nations Development Programme (undp.org)