សេចក្តីប្រកាសព័ត៌មានរួម៖ សេចក្តីប្រកាសព័ត៌មានរួម
8 មិថុនា 2026
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ — រដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) នៅថ្ងៃនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់វិភាគទាន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ស្តារឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជាជូនគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យប្រជាជនជាង ៦៤០.០០០ នាក់ ផ្លាស់ទីលំនៅ និងរំខានដល់សេវាចាំបាច់ សំខាន់ៗ នៅតាមខេត្តមួយចំនួន។
ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។
វិភាគទានរបស់អូស្ត្រាលីក្នុងទឹកប្រាក់ចំនួន ១,៥ លានដុល្លារអូស្ត្រាលី ដែលផ្តល់តាមរយៈ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល (CfR) ដំណាក់កាលទី៥ នឹងគាំទ្រដល់ការរំដោះផ្ទៃដីពីគ្រាប់មីន ការអប់រំយល់ដឹងអំពីហានិភ័យនៃយុទ្ធភណ្ឌគ្រឿងផ្ទុះ (EORE) និងជំនួយផ្នែកជីវភាពរស់នៅ ដើម្បី ផ្តល់លទ្ធភាពឱ្យជនភៀសសឹកអាចវិលត្រឡប់មកវិញដោយសុវត្ថិភាព និងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង ស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ។ ការគាំទ្រនេះផ្តោតលើខេត្តចំនួនបួន ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងការគំរាមកំហែងពីយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ការផ្តល់វិភាគទាននេះ នឹងគាំទ្រដោយផ្ទាល់ដល់ការរំដោះផ្ទៃដីដែលរងការគំរាមកំហែងចំនួន ៤,៤ គីឡូម៉ែត្រក្រឡា ផ្តល់ផលដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង ៩.៧០០ នាក់ និងផ្តល់ការអប់រំយល់ដឹងអំពីហានិភ័យយុទ្ធភណ្ឌគ្រឿងផ្ទុះដល់សមាជិកសហគមន៍ចំនួន ១៨.០០០ នាក់។ បន្ថែមពីនេះ វិភាគទាននេះនឹងផ្តល់ការគាំទ្រផ្នែកជីវភាពរស់នៅដល់ជនភៀសសឹកចំនួន ៤០០ គ្រួសារ ដែលផ្ទះសម្បែង កសិដ្ឋាន និងអាជីវកម្ម ខ្នាតតូចរបស់ពួកគេរងផលប៉ះពាល់ ដើម្បីជួយពួកគេក្នុងការស្តារប្រាក់ចំណូល និងកសាងជីវភាពឡើងវិញ។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា៖ "អូស្ត្រាលី គឺជាដៃគូសកម្មភាពមីនដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់កម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក។ ជាមួយនឹងវិភាគទានថ្មីនេះ ការគាំទ្រសរុបរបស់អូស្ត្រាលីដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល នឹងកើនដល់ ៤៥,៣១ លានដុល្លារអូស្ត្រាលី ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការសង្គ្រោះជីវិត និងការជំរុញការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា ជាងបីទសវត្សរ៍មកនេះ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមរយៈកិច្ចសហការយ៉ាងស្អិតរមួតរវាងរាជរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី យូអិនឌីភី និងអាជ្ញាធរមីន ភាពជាដៃគូនេះបានកាត់បន្ថយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រគល់ដីជូនសហគមន៍វិញ និងបង្កើតឱកាស ប្រកបរបរចិញ្ចឹមជីវិត និងកំណើនសេដ្ឋកិច្ច។ គោលបំណងចុងក្រោយនៃសកម្មភាពមីន គឺដើម្បីប្រជាជន។ ផលវិជ្ជមានពិតប្រាកដរបស់វា មិនត្រូវបានវាស់វែងដោយផ្ទៃដីដែលបានបោសសម្អាតនោះទេ ប៉ុន្តែត្រូវបានវាស់វែង ដោយជីវិតដែលត្រូវបានផ្លាស់ប្តូរ តាមរយៈសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមដ៏ធំធេង សម្រាប់ក្រុមគ្រួសារ និងសហគមន៍កម្ពុជា"។
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ "អូស្ត្រាលីមានប្រវត្តិដ៏យូរលង់ ក្នុងការងារបោសសម្អាតមីននៅកម្ពុជា គួរជាទីមោទន។ ពីការគាំទ្រដែលបានផ្តល់ក្នុងដំណើរការស្វែងរកសន្តិភាព រហូតដល់ភាពជាដៃគូប្រកបដោយចីរភាពរបស់យើងលើសកម្មភាពមីន ក្នុងទសវត្សរ៍បន្តបន្ទាប់ អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាអ្នកគាំទ្រដ៏យូរអង្វែង និងអាចពឹងផ្អែកបាន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កិច្ចខិតខំប្រឹងប្រែងរបស់យើង នឹងបន្តផ្តោតលើការងារក្នុងវិស័យស្តារពលកម្មកាយសម្បទា ដែលគាំទ្រដល់ប្រជាជនកម្ពុជាជាច្រើននាក់ រួមទាំងអ្នកនៅរស់រានមានជីវិតពីគ្រាប់មីនផងដែរ។ អូស្ត្រាលីបានផ្តល់វិភាគទានចុងក្រោយចំនួន ១,៥ លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដោយផ្តោតលើការគាំទ្រការបោសសម្អាត និងការលើកកម្ពស់ជីវភាពរស់នៅសម្រាប់សហគមន៍ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន"។
លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងយូអិនឌីភី បានមានប្រសាសន៍ថា៖ "យូអិនឌីភី វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់អូស្ត្រាលី ចំពោះវិស័យសកម្មភាពមីនរបស់កម្ពុជា។ ផ្អែកលើជំនាញ និងបទពិសោធន៍សកលរបស់ យូអិនឌីភី ក្នុងវិស័យសកម្មភាពមីន និងការស្តារឡើងវិញ រួមជាមួយកិច្ចសហការដ៏ល្អអស់រយៈពេលពីរទសវត្សរ៍ជាមួយអាជ្ញាធរមីន យូអិនឌីភីនៅតែប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសកម្ម-ភាពមីនរបស់កម្ពុជា និងធានាថាផ្ទៃដីដែលបានបោសសម្អាត រួមចំណែក ដល់ការពង្រឹងសុវត្ថិភាព ជីវភាពរស់នៅ និងឱកាសអភិវឌ្ឍន៍កាន់តែប្រសើរសម្រាប់សហគមន៍"។
វិភាគទាននេះនឹងត្រូវបានផ្តល់ជូនតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ ដែលជាគម្រោងពហុម្ចាស់ជំនួយ ទទួលបានការគាំទ្រថវិកាពីរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ និងអនុវត្តដោយអាជ្ញាធរមីន និងយូអិនឌីភី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាសំណល់ពីអតីតកាលនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងចូលរួមចំណែកដល់ការស្តារឡើងវិញ ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
អំពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ (CfR Phase V)
គម្រោង បោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ (២០២៦-២០៣០)គាំទ្រ ដល់គោលដៅ របស់កម្ពុជា ក្នុងការក្លាយជាប្រទេសគ្មានមីនត្រឹមឆ្នាំ២០៣០ ក្រោមគោលនយោបាយជាតិស្តី ពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥។ គម្រោងនេះ បញ្ចូលគ្នានូវការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម (ERW) ការអប់រំយល់ដឹងពីហានិភ័យ ជំនួយសង្គ្រោះជនរងគ្រោះ ការគាំទ្រជីវភាពរស់នៅ និងការពង្រឹងស្ថាប័ន ដើម្បីជួយសហគមន៍ក្នុងការស្តារឡើងវិញ កសាងភាពធន់ និងជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាព។
ផ្អែកលើភាពជាដៃគូពីរទសវត្សរ៍រវាងយូអិនឌីភីនិងអាជ្ញាធរមីន គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល (CfR) បានជួយបោសសម្អាត និងរំដោះផ្ទៃដីដែលមានការគំរាមកំហែងចំនួន ៤២៧ គីឡូម៉ែត្រក្រឡា តាំងពីឆ្នាំ២០០៦ មកម្ល៉េះ។ ឆ្លងកាត់ដំណាក់កាលទី១ ដល់ទី៤ គម្រោងទាំងនេះបានចូលរួមចំណែក ១៣,៥ ភាគរយនៃសមិទ្ធផលសកម្មភាពមីនសរុបរបស់កម្ពុជា ដែលជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានដីធ្លី ជីវភាពរស់នៅ និងសេវាចាំបាច់នានា សម្រាប់សហគមន៍ដែលរងផលប៉ះពាល់។
---
ចប់
សម្រាប់ព័ត៌មានបន្ថែមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទង កញ្ញាអាត់ ឈុនមួយ អ្នកជំនាញផ្នែកទំនាក់ទំនងរបស់យូអិនឌីភី តាមអ៊ីមែល៖ communications.kh@undp.org
UNDP គឺជាបណ្តាញអភិវឌ្ឍន៍សកលរបស់អង្គការសហប្រជាជាតិ ដែលស្វែងរកមតិគាំទ្រ ដើម្បីការផ្លាស់ប្តូរ និងភ្ជាប់រដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ទៅនឹងចំណេះដឹង បទពិសោធន៍ និងធនធាន ដើម្បីបញ្ចប់ភាពអយុត្តិធម៌នៃភាពក្រីក្រ និងវិសមភាព ពន្លឿនកំណើនប្រកបដោយបរិយាប័ន្ន ពង្រឹងអភិបាលកិច្ចល្អ និងសន្តិភាព ព្រមទាំងលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិ និងភាពធន់នឹងអាកាសធាតុ។ ដោយមានវត្តមាននៅជាង ១៧០ ប្រទេស និងដែនដី យើងជួយប្រជាជាតិទាំងឡាយក្នុងការអនុវត្តដំណោះស្រាយរបស់ពួកគេ ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សម្រាប់ប្រជាជន ភពផែនដី និងវិបុលភាពរបស់ពួកគេ។ស្វែងយល់បន្ថែមនៅគេហទំព័រ https://www.undp.org/cambodia ឬតាមដានពួកយើង តាមរយៈ @UNDPCambodia។