សេចក្ដីប្រកាសព័ត៌មាន៖ ពិធីបើកសប្ដាហ៍ថាមពលស្អាត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ជម្រុញសេដ្ឋកិច្ចថាមពលស្អាត»

2 តុលា 2025

ភ្នំពេញ, ថ្ងៃទី២ តុលា – តំណាងរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានចូលរួមជាមួយអង្គការអេននីជីឡេបអាសុី ដើម្បីបើក «សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥» ដែលជា ព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុតរបស់កម្ពុជា ។ 

ក្រោមប្រធានបទ «ជម្រុញសេដ្ឋកិច្ចថាមពលស្អាត» ព្រឹត្តិការណ៍រយៈពេលមួយសប្តាហ៍ដែលចាប់ផ្ដើមពីថ្ងៃទី ២ ដល់ ថ្ងៃទី៩ ខែតុលា នេះ ផ្តោតលើតួនាទីសំខាន់របស់ថាមពលស្អាត ក្នុងការពង្រឹងអនាគតសេដ្ឋកិច្ចរបស់ប្រទេស។ កម្មវិធីនេះបង្ហាញពីរបៀបដែលថាមពលស្អាតពង្រឹងឧស្សាហកម្មដែលមានស្រាប់របស់កម្ពុជា ដូចជាវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ព្រមទាំងទាក់ទាញការវិនិយោគថ្មីរាប់លានដុល្លារនៅក្នុងឧស្សាហកម្មដែលពឹងផ្អែកលើថាមពល និងបច្ចេកវិទ្យាស្អាត។

សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥ នឹងជម្រុញវឌ្ឍនភាពនេះ ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចែករំលែកគំនិតថ្មីៗ ពិភាក្សាអំពីដំណោះស្រាយគោលនយោបាយ  និងការបង្កើតកិច្ចសហប្រតិបត្តិការបន្ថែម។ កម្មវិធីមួយសប្ដាហ៍នេះនឹងផ្តោតលើបញ្ហាសំខាន់ៗនៅក្នុងអន្តរកាលថាមពលស្អាតរបស់កម្ពុជា  ដូចជាការបង្ហាញពីសក្តានុពលជំនាញថាមពលស្អាត និងការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈ អន្តរកាលថាមពលប្រកបដោយយុត្តិធម៍។ 

មិនតែប៉ុណ្ណោះ ក្នុងសប្ដាហ៍ថាមពលស្អាត នឹងមានការចាក់បញ្ចាំងវីដេអូឯកសារខ្លី ផលិតដោយនិស្សិតកម្ពុជា ដែលនិយាយអំពីការច្នៃប្រឌិត និងភាពជោគជ័យក្នុងវិស័យថាមពលស្អាត រួមទាំងការតាំងពិពណ៌បង្ហាញពីស្នាដៃសិល្បៈ Solarpunk ដោយសិល្បករម្ពុជា និងសិល្បករមកពីទូទាំងអាស៊ីអាគ្នេយ៍។

ព្រឹត្តិការណ៍សំខាន់ជាងគេគឺ កម្មវិធីបើកសប្ដាហ៍ថាមពលស្អាត ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២ ខែតុលា ក្នុងសណ្ឋាគារសូហ្វីទែល ភ្នំពេញ ជាព្រឹត្តិការណ៍សំខាន់របស់អ្នកបង្កើតគោលនយោបាយ  អ្នកដឹកនាំឧស្សាហកម្ម ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាយុទ្ធសាស្ត្រសំខាន់ៗសម្រាប់អនាគតថាមពលស្អាតកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៏ថា៖ «ថាមពលស្អាតមានសារៈសំខាន់សម្រាប់កំណើនឧស្សាហកម្មរបស់កម្ពុជា។ អន្តរកាលថាមពលស្អាតនឹងជម្រុញកម្ពុជាធ្វើការបានកាន់តែប្រសើរក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងថ្នាក់តំបន់ និងពិភពលោក។ វានឹងបង្កើតប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច និងការងារប្រកបដោយគុណភាព»

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ជាមួយនឹងគោលនយោបាយដែលមានប្រសិទ្ធិភាព កម្ពុជាអាចពង្រឹងសេថ្ខកិច្ចរបស់ខ្លួន តាមរយៈការធ្វើឲ្យប្រសើរឡើងនូវស្ថេរភាពថាមពល កាត់បន្ថយតម្លៃ និងទាក់ទាញការវិនិយោគប្រកបដោយទំនួលខុសត្រូវ។ កិច្ចខិតខំទាំងនេះនឹងមិនត្រឹមតែជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ តែនឹងបើកឱកាសក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតគូរពីការប្រែប្រួលអាកាសធាតុ»

ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រទេសកម្ពុជាបានកំណត់គោលដៅយ៉ាងរឹងមាំគឺ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ឲ្យបាន៧០% កាត់បន្ថយការប្រើប្រាស់ថាមពលប្រមាណ ១៩%    តាមរយៈប្រសិទ្ធភាពថាមពល និងរនិងបង្កើនចំនួនយានយន្តអគ្គិសនីឲ្យបាន ៧៧0,000 គ្រឿងលើដងផ្លូវ នៅត្រឹមឆ្នាំ២០៣០ ។ 

ដោយលើកឡើងពីអត្ថប្រយោជន៍នៃការសម្រេចបាននូវគោលដៅដ៏មានសក្ដានុពលនេះ លោក អេនរីកូ ហ្គាវេលីយ៉ា  តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ «នៅគ្រប់ប្រទេសដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិធ្វើការ វិស័យថាមពលគឺស្ថិតនៅជួរមុខនៃរបៀបវារៈឆ្នាំ២០៣០ របស់យើង។ អន្តរកាលទៅរកអព្យាក្រិតកាបូន គឺជាកត្តាលិករដែលមិនអាចខ្វះបាននៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាមួយនឹងគុណលក្ខណៈដូចជា ភាពធន់នៃសេដ្ឋកិច្ច និងសង្គម លទ្ធភាពចំណាយ និងសន្តិសុខមនុស្សជាតិ។ ថាមពលដែលមានតម្លៃសមរម្យ និងរួមបញ្ចូល ។ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រការផ្លាស់ប្តូរហិរញ្ញប្បទានបៃតង ជម្រុញហិរញ្ញវត្ថុសាធារណៈ និងកាត់បន្ថយហានិភ័យទាំងឡាយ។»

លោក ង៉ោ សឺន ណត្តារុណ នាយកប្រតិបត្តិប្រចាំតំបន់របស់អង្គការអេននីជីឡេបអាស៊ី បានបន្ថែមថា៖ «កម្ពុជាមានឱកាសដ៏យូរអង្វេងប្រើប្រាស់ថាមពលស្អាតក្នុងការជំរុញ សមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងបង្ហាញថា កម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់យក ឱកាសនានាដែលថាមពលស្អាតអាចផ្ដល់ឲ្យ»

សប្ដាហ៍ថាមពលស្អាត ឆ្នាំ២០២៥ នឹងបន្តជ្រោមជ្រែងកម្ពុជាឱ្យក្លាយជាអ្នកដឹកនាំផ្នែកថាមពលស្អាតក្នុងតំបន់។ ជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ពីដៃគូអន្តរជាតិ ដូចជាអូស្ត្រាលី ដែលផ្តល់ទាំងជំនាញបច្ចេកទេស និងជំនួយហិរញ្ញវត្ថុ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរទិដ្ឋភាពថាមពលរបស់ខ្លួនដោយព្យាយាមផ្តល់អត្ថប្រយោជន៍មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក្នុងតំបន់ទាំងមូល។


អំពីសប្ដាហ៍ថាមពលស្អាត៖ សប្ដាហ៍ថាមពលស្អាត ជាព្រឹត្តិការណ៍ថាមពលស្អាតដ៏សំខាន់នៅកម្ពុជា ដែលផ្តោតលើដំណោះស្រាយថាមពលស្អាត។ ក្នុងឆ្នាំទី៨នេះ សប្ដាហ៍ថាមពលស្អាតជាវេទិកាចែករំលែកចំណេះដឹង កិច្ចសហការ និងការអភិវឌ្ឍន៍គោលនយោបាយ ដើម្បីជំរុញអន្តរកាលថាមពលស្អាត ដោយបានរៀបចំដោយអង្គការអេននឺជីឡេបអាសុី ទទួលបានការគាំទ្រពីក្រសួងរ៉ែ និងថាមពល ដោយរួមជាមួយ ស្ថាប័នផ្តល់សហមូលនិធិប្រទេសអូស្រ្តាលី និង កម្មវិធីអភិឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP)។

សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទង៖
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា
Media.Cambodia@dfat.gov.au 

កញ្ញា ញាណ វិភាវី
ប្រធានផ្នែកទំនាក់ទំនង 
vipheavy@energylab.asia 

កញ្ញា អាត់ ឈុនមួយ 
អ្នកជំនាញផ្នែកទំនាក់ទំនង នៃកម្មវិធីអភិឌ្ឍរបស់អង្គការសហប្រជាជាតិ
Communications.kh@undp.org