តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា លោក អេនរីកូ ហ្គាវេលីយ៉ា ប្តេជ្ញាគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយបរិយាបន្ន
20 សីហា 2025
ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥៖ នៅថ្ងៃនេះ តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) បានប្រគល់សារតាំងជាផ្លូវការ ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសមនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរចំពោះ លោក អេនរីកូ ដែលត្រូវបានតែងតាំងតំណាងថ្មីយូអិនឌីភី ប្រចាំកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការរបស់ យូអិនឌីភីនៅកម្ពុជា ជាង៥០ឆ្នាំ កន្លងមកនេះ ក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក អេនរីកូ បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងបានលើកឡើងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ យូអិនឌីភី ក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈការលើកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ការដោះស្រាយបញ្ហាអាកាសធាតុ និងការព្រឹងអភិបាលកិច្ចល្អ។
លោក អេនរីកូ ទទួលតួនាទីជាតំណាងយូអិនឌីភីប្រចាំកម្ពុជា ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពី ក្រុមប្រទេសអភិវឌ្ឍតិចតួច នៅក្នុងខែធ្នូ ឆ្នាំ២០២៩។ លោកមានប្រសាសន៍ថា ៖ «ខ្ញុំមានកិត្តិយសណាស់ក្នុងការបំពេញកិច្ចការងារដើម្បីគាំទ្រប្រទេសកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយយកចិត្តទុកដាក់ខ្លាំងក្នុងការពារភពផែនដីរបស់យើង។ យើងនឹងផ្តោតជាពិសេស លើបញ្ហាប្រឈម និងឱកាសសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច។»
លោកបន្ថែមថា៖ «តាមរយៈភាពជាដៃគូដ៏យូអង្វែងរយៈពេល៥ទសវត្សរ៍រវាងយូអិនឌីភី និងរាជរដ្ឋាភិបាលកម្ពុជា វាជារឿងសំខាន់ណាស់ក្នុងការបន្តកែលម្អក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ស្របពេលដែលមានការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការពហុភាគីលើសកលលោក។ ការវិវត្តនេះ ត្រូវតែធ្វើឡើងដោយផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងសមធម៌ ដោះស្រាយបញ្ហាអាកាសធាតុ និងហិរញ្ញទាន ការធ្វើបរិវត្តកម្មឌីជីថល និងអភិបាលកិច្ចល្អ ការបង្កើនអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រី និងអន្តរកាលបៃតង។ គោលដៅរបស់យូអិនឌីភីជារួម គឺក្លាយជាដៃគូចម្បង ដែលអាចទុកចិត្តបាន ប្រកបដោយការទទួលខុសត្រូវ និងមានភាពបត់បែន ដើម្បីផ្តល់លទ្ធផលប្រកបដោយប្រសិទ្ធភាព សម្រាប់ប្រជាជនកម្ពុជា។»
ក្នុងតួនាទីជាតំណាងយូអិនឌីភី លោក អេនរីកូ នឹងដឹកនាំការងាររបស់ យូអិនឌីភី ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយស្ថាប័ន រដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងទីភ្នាក់ងារផ្សេងៗទៀតរបស់អង្គការសហប្រជាជាតិ ដើម្បីអនុវត្តផែនការយុទ្ឋសាស្ត្ររបស់យូអិនឌីភី ២០២៤-២០២៨ ដែលគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្របញ្ចកោណកម្ពុជាដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
អំពីលោក អេនរីកូ ហ្គាវេលីយ៉ា៖
លោក អេនរីកូ ហ្គាវេលីយ៉ា ត្រូវបានតែងតាំងជាតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥។ គាត់ទើបតែបញ្ចប់អាណត្តិជាតំណាងយូអិនឌីភីប្រចាំប្រទេសម៉ាល់ឌីវ [២០២១ -២០២៥] ដែលលោកបានដឹកនាំផ្តោតលើយុទ្ឋសាស្ត្រភាពជាដៃគូ ការងារប្រកបដោយនវានុវត្តន៍ និងផ្តោតលើយន្តការហិរញ្ញវត្ថុប្រកបដោយចីរភាព។
លោក អេនរីកូ មានបទពិសោធន៍ការងារលើវិស័យអភិវឌ្ឍអន្តរជាតិជាង២ទស្សវត្សរ៍ ដោយក្នុងនោះលោកបានចំណាយពេលប្រមាណ១៥ឆ្នាំ ធ្វើការងារនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសស្រីលង្កា កម្ពុជា ហ្វីលីពីន និងម៉ាល់ឌីវ។ លោក បានដឹកនាំ យូអិនឌីភី ដោយផ្តោតសំខាន់លើភាពជាដៃគូបច្ចេកទេស និងយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់រដ្ឋាភិបាល។ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការងារអភិវឌ្ឍន៍ក្នុងបរិបទប្រទេសចំណូលមធ្យមកម្រិតទាប (LMICs) ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ (UMICs) ប្រទេសដែលមានប្រាក់ចំណូលមធ្យម (MICs) និងប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។
លោក អេនរីកូ បានបញ្ចប់សញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច។
បណ្តាញសង្គមរបស់លោក:
X: @enrico_gaveglia
LinkedIn: Enrico Gaveglia
---
សម្រាប់ការសាកសួរសារព័ត៌មាន សូមទាក់ទងទៅ កញ្ញា អាត់ ឈុនមួយ មន្ត្រីទំនាក់ទំនងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិតាមរយ: communications.kh@undp.org
---
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ គឺជាបណ្តាញអភិវឌ្ឍន៍សកលរបស់អង្គការសហប្រជាជាតិក្នុងការតស៊ូមតិសម្រាប់ការផ្លាស់ប្តូរ និងការផ្សារភ្ជាប់រវាងរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិលទៅនឹងចំណេះដឹង បទពិសោធន៍ និងធនធានដើម្បីបញ្ចប់ភាពអយុត្តិធម៌នៃភាពក្រីក្រ និងវិសមភាព ពន្លឿនកំណើនប្រកបដោយបរិយាប័ន្ន ពង្រឹងអភិបាលកិច្ចល្អនិងសន្តិភាព និងលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិ និងភាពធន់នឹងអាកាសធាតុ។ តាមរយៈការបំពេញការងារក្នុង ១៧០ ប្រទេស យើងជួយប្រទេសនានាក្នុងការអនុវត្តដំណោះស្រាយរបស់ពួកគេសម្រាប់ការពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) សម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។ ស្វែងយល់បន្ថែមនៅ https://www.undp.org/cambodia ឬ តាមរយ:បណ្តាញសង្គម @UNDPCambodia។