កម្មវិធីផ្តល់ថវិកាជំនួយ និងវគ្គវណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យមធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-COMMERCE) នៅកម្ពុជា

28 ធ្នូ 2020

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០៖ សហគ្រាស​ខ្នាត​តូច និងមធ្យម​ចំនួន ១២៥ នឹង​ទទួលបាន​ថវិកា​ជំនួយ និង​ការបណ្ដុះបណ្ដាលអំពីរបៀប​ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការ​វិនិយោគថ្មីក្នុងទឹកប្រាក់ចំនួន ៥០០.០០០ ដុល្លារអាមេរិក ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការឧបត្ថម្ភរបស់កម្មវិធីពង្រឹងក្របខ័ណ្ឌ​សមាហរណកម្ម (EIF) និងកម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP)។

មូលនិធិនេះ​នឹង​ផ្ដល់​ការគាំទ្រ​ដល់​ការ​បណ្ដុះបណ្ដាល​បណ្ដុះគំនិត​អាជីវកម្ម​និងគំនិតផ្ដួចផ្ដើមបែបនវានុវត្តន៍​និងកម្មវិធីផ្ដល់​ថវិកា​គាំទ្រ​ខ្នាត​តូចរយៈពេល ០៦ ខែ ដើម្បីជួយ​សហគ្រាសខ្នា​តតូច​និងមធ្យម​ក្នុងការ​ផ្លាស់ប្ដូរទៅប្រើប្រាស់​ប្រព័ន្ធអេឡិចត្រូនិក លក់ផលិតផល​ និងសេវាកម្ម​តាមប្រព័ន្ធអនឡាញ និងជួយ​ដលសហគ្រាសមួយចំនួនដែលលក់​ផលិត​ផល និង​សេវា​កម្ម​ទៅឱ្យ​អតិថិជននៅក្រៅ​ប្រទេស​តាមរយៈថ្នាលបច្ចេកវិទ្យាថ្មីមួយ ដែលកំពុង​បង្កើតឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម។ ចំនួន​កូតាត្រូវបានកំណត់ និងបម្រុងទុក​សម្រាប់​សហគ្រាស​ដែលមានម្ចាស់កម្មសិទ្ធិជា​ស្ត្រី និង​សហគ្រាស​ដែល​មានទីតាំង​ស្ថិតនៅខាងក្រៅ​ទីក្រុងភ្នំពេញ។

គំនិតផ្ដួចផ្ដើមនេះត្រូវបានបង្កើត និង​អនុវត្ត​រួមគ្នាដោយ ក្រសួងពាណិជ្ជកម្ម(MOC) និង UNDP  ដែលជា​សមាសភាគ​មួយដ៏សំខាន់នៃ​គម្រោងជំរុញការធ្វើពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា (Go4eCam) ដែលមានគោលបំណងក្នុងការ​បង្កើន​ឱកាស​ទាំង​ក្នុងស្រុក និងអន្តរជាតិដល់សហគ្រាស​ខ្នាតតូច និងមធ្យម តាមរយៈគំនិត​ផ្ដួចផ្ដើមឌីជីថលភាវូបនីយកម្ម ដើម្បីបង្កើត​ការងារ​ថ្មីឱ្យបានច្រើន​ជាង​  ១០,០០០ ត្រឹមឆ្នាំ២០២២ ដែលជាគោលដៅគម្រោង Go4eCam ។

វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនៅកម្ពុជាមានការរីកចម្រើន​យ៉ាងសម្បើម នៅក្នុងទសវត្សចុងក្រោយ​នេះ ហើយការគាំទ្រ​បន្ថែមទាំងនេះត្រូវ​បានផ្ដល់​ ក្នុងពេលដែលមានការរាតត្បាត​ជាសកលនៃជំងឺកូវីដ-១៩ ដែលបានជំរុញ​ឱ្យ​អាជីវកម្ម​កាន់តែច្រើនងាកទៅប្រើប្រាស់ប្រព័ន្ធអនឡាញ។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថលភាវូបនីយកម្ម​ ត្រូវ​បានចាត់ទុកថាមានតួនាទីសំខាន់ ដើម្បីជួយ​ឱ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានពេញលេញ ឆាប់រហ័ស និង​ប្រកបដោយ​ចីរភាព​សម្រាប់កម្ពុជា។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តួយ៉ាងក្រសួងពាណិជ្ជកម្មបាន​ពន្លឿន​កិច្ចខិតខំប្រឹង​ប្រែងសំដៅពង្រឹង​ប្រព័ន្ធអេកូឡូស៊ី ​សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ និងក្របខ័ណ្ឌគតិយុត្ត​ដែលគ្រប់គ្រង​លើ​ការ​ធ្វើពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក​របស់ប្រទេស​នេះ ដូចជា ការអនុម័តលើ​ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក​ឆ្នាំ ២០១៩, អនុក្រឹត្យសម្រួល​ការ​ចុះបញ្ជី​អាជីវកម្ម​ ដែលផ្ដោតលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីការការពារ​អ្នកប្រើប្រាស់ ក្នុងន័យការពារ​សិទ្ធិអ្នកទិញទំនិញតាមប្រព័ន្ធអនឡាញ និង​អាជីវកម្មនានា។

ជាការគាំទ្រ​ដល់​ការ​ឆ្លើយតប​របស់កម្ពុជា​ចំពោះជំងឺកូវីដ-១៩ UNDP កំពុងធ្វើការងារ​ដើម្បីកសាង​ជំនាញ​បុគ្គលិកឡើងវិញ ផ្ដល់ការគាំទ្រ​ដល់សហគ្រាស​ខ្នាតតូច​ និងមធ្យម​ចំនួន ១.០០០ ដើម្បីឱ្យ​ពួកគេអាច​ឈានជើងចូលទៅ​ក្នុងទីផ្សារពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិច​ត្រូនិក និង​ជំរុញឱ្យមានការ​ប្រើប្រាស់ពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិចត្រូនិក
ទូទាំង​ប្រទេស តាមរយៈយុទ្ធនាការ​ស្វែងរកការគាំទ្រ​ ដើម្បីកសាងបរិយាកាសគតិយុត្តឱ្យបាន​រឹង​មាំ ដោយមានការ​គាំទ្រ​ពីរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។

ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា «គម្រោង Go4eCAM ត្រូវ​បានប្រកាស​ចាប់ផ្ដើមអនុវត្ត​ចំពេល​ជួនគ្នា​ជាមួយនឹង​ការអនុម័តច្បាប់​ស្ដីពីពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក និងការ​ប្រកាស​ដាក់​ឱ្យអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ស្ដីពីពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក។ គម្រោងនេះ​នឹង​ផ្ដល់នូវ​អត្ថប្រយោជន៍ជាច្រើន​ផ្សេងទៀត ដូចជា បង្កើនផលិតភាព នវានុវត្តន៍ ការពង្រីកអាជីវកម្ម ព្រមទាំង​ការ​បង្កើត​ការងារ​នៅកម្ពុជា។»

លោក Nick Beresford អ្នកតំណាងនិវេសនដ្ឋាន UNDP ប្រចាំកម្ពុជា បានលើកឡើងថា «យុទ្ធសាស្ត្រស្ដីពីពាណិជ្ជកម្ម​តាម​ប្រព័ន្ធអេឡិចត្រូនិកថ្មីរបស់កម្ពុជា គួបផ្សំនឹង​កិច្ច​ខិតខំប្រឹងប្រែងលើកកម្ពស់ និងជំរុញ​ឱ្យមានការ​ប្រើប្រាស់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធអេឡិចត្រូនិកក្នុងសង្គមទាំងមូល ជាពិសេស​ក្នុងចំណោមក្រុមដែល​មានឱកាស​តិចតួច អាចជា​យុទ្ធសាស្ត្រ​ដ៏សំខាន់ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្នក្រោយកូវីដ-១៩។ ការវិនិយោគប្រកបដោយបរិយាប័ន្ន​លើមនុស្ស​ ការ​អភិវឌ្ឍជំនាញ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​សម្រាប់គ្រាប់គ្នា គឺជាអ្វីដែលមានសារៈសំខាន់​ជាចាំបាច់បំផុត។»

«វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺមានសន្ទុះយ៉ាងខ្លាំងជាពិសេសដោយការប្រែក្លាយពីអាជីវកម្មធម្មតាទៅជាអាជីវកម្មអនឡាញ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។ ក្នុងនាមជាដៃគូរបស់កម្មវិធីពង្រឹងក្របខ័ណ្ឌ​សមាហរណកម្ម (EIF) និងតាមរយៈគម្រោងនានារបស់យើងដែលគាំទ្រដល់ការពន្លឿនផ្នែកច្បាប់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រទេសអូស្ត្រាលី បានផ្តល់ជាទស្សនទាន និងជំនាញសំខាន់ៗដល់ យុវជនកម្ពុជា ដើម្បីប្រកួតប្រជែងក្នុងសេដ្ឋកិច្ចថ្មីនេះ ដោយធានាថាវិស័យឌីជីថលនាពេលអនាគតរបស់ព្រះរាជាណាចក្រកម្ពុជានឹងត្រូវបានរីកចំរើន ប្រកបដោយបរិយាប័ន្ន។» ការលើកឡើង របស់លោក Kang Pablo អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

បណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន EIF ប្រចាំអង្គការពាណិជ្ជកម្មពិភពលោកបានលើកឡើងថា «កម្ពុជា ជាប្រទេសដែលមានសក្តានុពលខ្ពស់ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce)។ យុទុ្ធសាស្ត្រស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលនៅក្រោមការគាំទ្រពី EIF ត្រូវបានប្រកាសដាក់ឲ្យអនុវត្តកាលពីពេលថ្មីៗនេះ ដោយមានការដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ និងឆ្លើយតបចំពោះចំណុចរាំងស្ទះសំខាន់ៗដូចជា ក្របខ័ណ្ឌច្បាប់ និងគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធ ICT ជំនាញឌីជីថល និងការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យមជាដើម។ រួមជាមួយនឹងគម្រោង Go4eCAM និងភាពជាដៃគូដ៏រឹងមាំក្នុងប្រទេស ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងមានប្រព័ន្ធអេកូឡូស៊ី ដ៏អំណោយផលមួយដែលចាំបាច់សម្រាប់លើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បង្កើនការប្រកួតប្រជែងសម្រាប់ការនាំចេញ ជំរុញសហគ្រិនភាព និងទាញប្រយោជន៍ពីប្រភពកំណើនថ្មីៗក្នុងយុគសម័យឌីជីថល។»