រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១៖ ថ្ងៃនេះក្រសួងបរិស្ថាន (MoE) ស្ថានទូតជប៉ុន និងកម្មវិធីអភវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំវេទិការប្លាស្ទិកលើកទី២ ក្រោមប្រធានបទ ការកំណត់សកម្មភាពអាទិភាពកាត់បន្ថយការបំពុលប្លាស្ទិកនៅកម្ពុជា។
បរិមាណសំណល់ប្លាស្ទិកសរុបទូទាំងពិភពលោក បានកើនឡើងដល់ ៨,៣ ពាន់លានតោន។ ជារៀងរាល់ឆ្នាំ ប្លាស្ទិកជាង ៨ លានតោន ត្រូវហូរចូលទៅក្នុងផ្លូវទឹក ហើយចុងក្រោយធ្លាក់ចូលទៅដល់សមុទ្រ ដែលបង្កការរំខានដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ បង្កគ្រោះថ្នាក់ដល់ជីវិតសត្វព្រៃ និងប៉ះពាល់ដល់សកម្មភាព និងមុខរបរចិញ្ចឹមជីវិតរបស់មនុស្ស ដូចជា ទេសចរណ៍ និងការកម្សាន្ត នេសាទ និងនាវាចរណ៍ជាដើម។ នៅពេលត្រូវនឹងពន្លឺថ្ងៃ សារធាតុអុកស៊ីដង់ (oxidants) និងសម្ពាធពីបរិយាកាសខាងក្រៅ កម្ទេចកម្ទីប្លាស្ទិកនឹងរលាយបន្តិចម្តងៗ ហើយបំបែកធាតុសន្សឹមៗ ទៅជាភាគល្អិតតូចៗ ដែលគេហៅថា មីក្រូប្លាស្ទិក។ មីក្រូប្លាស្ទិកធ្វើឲ្យសត្វសមុទ្រ ត្រី និងបក្សីស្លាប់ នៅពេលដែលសត្វទាំងនេះលេបមីក្រូប្លាស្ទិកទាំងនេះចូលក្នុងពោះ ឬនៅពេលសត្វទាំងនេះជាប់ក្នុងវត្ថុ ឬសម្ភារប្លាស្ទិកនានា។ មីក្រូប្លាស្ទិកក៏បង្កការបំពុលក្នុងខ្សែច្រវាក់ផលិតកម្មអាហាររបស់យើងផងដែរ ព្រោះបរិមាណមីក្រូប្លាស្ទិកកើនឡើងបន្តិចម្តងៗ ក្នុងទិន្នផលនេសាទសមុទ្រ។
ការបំពុលប្លាស្ទិក បានលេចចេញរូបរាងកាន់តែច្បាស់នៅកម្ពុជា។ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈម ដែលបន្តកើនឡើងនេះ កាលពីឆ្នាំ ២០១៨ ក្រសួងបរិស្ថាន បានអនុម័តគោលការណ៍ 4Rs (Refuse-បដិសេធ Reduce-កាត់បន្ថយ Reuse-ប្រើឡើងវិញ និងកែច្នៃឡើងវិញ) ជារបៀបវារៈគោលនយោបាយដ៏សំខាន់មួយ។ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានពន្យល់ថា៖ «វិធានការនានាជាច្រើនត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីគាំទ្រដល់គោលការណ៍ 4Rs នេះ។ វិធានការទាំងនេះរួមមាន គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ការបង្កើនការយល់ដឹង និងសកម្មភាពអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួមពីតួអង្គពាក់ព័ន្ធ។»
ដូចគ្នានឹងប្រសាសន៍របស់ឯកឧត្តមដែរ លោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំកម្ពុជាមានប្រសាសន៍ថា៖ «ប្លាស្ទិកខ្លួនឯងមិនអាក្រក់នោះឡើយ ប៉ុន្តែការបំពុលប្លាស្ទិក គឺជាអ្វីដែលអាក្រក់។ ចំាបាច់ត្រូវមានការចាត់វិធានការជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងកម្ទេចកម្ទីប្លាស្ទិក ដែលកំពុងបង្កការបំពុលដល់សមុទ្រ និងបំផ្លិចបំផ្លាញសត្វព្រៃរបស់យើង។ ការសិក្សានានាព្យាករថា ប្រសិនបើពុំមានការអនុវត្តសកម្មភាពរួមគ្នានោះទេ ត្រឹមឆ្នាំ ២០៥០ ប្លាស្ទិកអាចមានចំនួនច្រើនជាងចំនួនត្រីនៅក្នុងសមុទ្រ។ បញ្ហានេះនឹងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀង និងសេដ្ឋកិច្ច។ ការកាត់បន្ថយការបំពុលប្លាស្ទិក គឺជាកិច្ចការរបស់មនុស្សគ្រប់គ្នា។ វាតម្រូវឱ្យគ្រប់គ្នា ដូចជា បុគ្គល សហគមន៍ និងអាជីវកម្មខ្នាតតូច ជាដើម ខិតខំប្រឹងប្រែង និងផ្លាស់ប្តូរឥរិយាបទ ហើយអ្វីដែលសំខាន់ជាងគេ គឺត្រូវមានការប្តេជ្ញាចិត្តឱ្យបានសកម្មពីក្រុមហ៊ុនធំៗ និងអាជ្ញាធរជាតិក្នុងការអនុវត្តតាមគោលការណ៍ 4Rs។»
ឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនមានប្រសាសន៍ថា៖ «ការកាត់បន្ថយឱ្យបានឆាប់រហ័សនូវការប្រើប្រាស់ប្លាស្ទិកបង្កការលំបាកដល់ទម្លាប់ប្រចាំថ្ងៃរបស់យើង ព្រោះយើងធ្លាប់តែទទួលបានភាពងាយស្រួលជាមួយការប្រើប្រាស់ប្លាស្ទិក។ ប៉ុន្តែ នេះគឺជាពេលដែលយើងទាំងអស់គ្នាចាំបាច់ត្រូវដឹងពីផលវិបាករយៈពេលវែងមកលើសេដ្ឋកិច្ច បរិស្ថាន និងសុខភាពដោយសារការបំពុលប្លាស្ទិក និងត្រូវចាត់វិធានការបន្ទាន់ ដើម្បីការពារបរិស្ថាន និងអនាគតរបស់យើង។»
ឯកឧត្តម សៅ សុភាព មានប្រសាសន៍ថា៖ «ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក មិនមែនជាកិច្ចការដែលងាយស្រួលនោះឡើយ។ ប៉ុន្តែក្រសួងមានការប្តេជ្ញាចិត្តពេញទំហឹង ដើម្បីឱ្យកម្ពុជា ទីក្រុង ផ្លូវទឹក និងតំបន់ទេសភាពនៅកម្ពុជាមានភាពស្អាត និងពុំមានការបំពុលប្លាស្ទិក។ ខ្ញុំសូមអញ្ជើញ និងលើកទឹកចិត្តឱ្យគ្រប់គ្នាដែលមានវត្តមាននៅទីនេះ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីការពារភាពស្អាត សោភ័ណ្ឌភាពធម្មជាតិ និងភាពចម្រុះនៃប្រទេសជាទីស្នេហារបស់យើង។»
English: https://bit.ly/3DUUWUz