សប្តាហ៍ថាមពលស្អាតឆ្នាំ ២០២៣ បើកកម្មវិធីជាមួយនឹងការអំពាវនាវឱ្យមានសកម្មភាពលើអន្តរកាលថាមពលស្អាត

16 November 2023

ថ្ងៃនេះកម្ពុជា អូស្ត្រាលី នូវែលសេឡង់ និងកម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP) បានបើកសម្ភោធសប្តាហ៍​ថាមពលស្អាតកម្ពុជាឆ្នាំ ២០២៣ ដោយអំពាវនាវឱ្យមានសកម្មភាពសម្របសម្រួលលើអន្តរកាលថាមពលស្អាតពីគ្រប់ភាគីពាក់ព័ន្ធ។

កម្មវិធីបើកសម្ភោធសប្តាហ៍ថាមពលស្អាត២០២៣នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

កម្មវិធី​នេះមានសុន្ទរកថាស្វាគមន៍ពីឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ចាស្ទីន វ៉ាយអេត លោក Matthew Allen លេខាទីមួយ ផ្នែកអភិវឌ្ឍន៍ របស់ស្ថានទូតនូវែលសេឡង់ប្រចាំកម្ពុជា ឡាវ និងថៃ និងលោកស្រី អាលីហ្សា ឆាកឃឺ​ អ្នកតំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា និងលោកណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប (EnergyLab Cambodia)

កម្មវិធីនេះក៏មានការ​ចូលរួម​ពី​មន្ត្រី​​ជាន់​ខ្ពស់របស់រាជរដ្ឋាភិបាល​​កម្ពុជា ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗដែលធ្វើការក្នុងវិស័យថាមពលស្អាត។ ប្រធានបទនៃសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះគឺ «សន្តិសុខថាមពល និងអនាគតថាមពលស្អាតរបស់កម្ពុជា»

ឯកអគ្គរដ្ឋទូត វ៉ាយអេត មានប្រសាសន៍ថា «អន្តរកាលថាមពលស្អាតរបស់កម្ពុជា គឺជាឱកាសមួយដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ អូស្ត្រាលីប្តេជ្ញាគាំទ្រការផ្លាស់ប្តូរនេះ រួមទាំងការចែករំលែកបទពិសោធន៍របស់យើងក្នុងការធ្វើអន្តរការថាមពលកកើតឡើងវិញទៅក្នុងបណ្តាញអគ្គិសនីមេ ដើម្បីជួយកម្ពុជាសម្រេចបាននៅលទ្ធផលតាមការរំពឹងទុក។»

ឯកអគ្គរដ្ឋទូត វ៉ាយអេត បានបន្ថែមថា «តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា  និងភាគីពាក់ព័ន្ធដទៃទៀតលើការរួមបញ្ចូលថាមពលកកើតឡើងវិញ។ CAPRED ក៏កំពុងអនុវត្តគម្រោងដែលជួយឲ្យប្រជាជននៅតំបន់ដាច់ស្រយាលដែលមិនទាន់ត្រូវបានភ្ជាប់ទៅកាន់បណ្តាញអគ្គិសនី ឱ្យមានលទ្ធភាពភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលសូឡា និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេ​វាកម្មថាមពល(ESCOs)»

លោកស្រី អាលីហ្សា ឆាកឃឺ​ អ្នកតំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជាមានប្រសាសន៍ថា «ការប្រើប្រាស់ថាមពលស្អាតមិនមែនជាមនោគមន៍គោលគំនិត តែជាឱកាសសេដ្ឋកិច្ចសម្រាប់កម្ពុជាបង្កើនសុវត្ថភាពថាមពល បង្កើតភាគលាបពាណិជ្ជកម្មនិងការងារ ការទទួលបានហិរញ្ញវត្ថុ និងលើកម្ពស់ភាពធន់និងបរិយាបន្នសង្គម។»

«កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា(UNDP)កំពុងធ្វើការដើម្បីលើកកម្ពស់ និងគាំទ្រដល់អន្តរកាលថាមពលនៅក្នុងប្រទេសកម្ពុជា តាមរយៈភាពជាដៃគូរជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូរអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល ស្ថាប័នអប់រំ និងឯកជន។ យើងប្តេជ្ញាជំរុញរបៀបវារៈនេះតាមរយៈវិធីសាស្រ្តរួមបញ្ចូលគ្នាដែលផ្តោតលើគោលនយោបាយ ការអនុវត្តរួមគ្នាសម្រាប់ការដាក់ឱ្យប្រើប្រាស់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថាមពលស្អាត ការអភិវឌ្ឍន៍សមត្ថភាព និងហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត។ ជាឧទាហរណ៍ ក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះ UNDP បានគាំទ្របទប្បញ្ញត្តិសំខាន់ៗដូចជា ប្រកាសអំពីអនុញ្ញាត្តប្រើប្រាស់ថាមពលសូឡានៅលើដំបូល និងប្រសិទ្ធភាពថាមពលនៅក្នុងអគារ។ យើងបានតភ្ជាប់បណ្ដាញអគ្គិសនីដល់ភូមិដែលមិនបានភ្ជាប់នឹងបណ្ដាញអគ្គិសនីជាតិចំនួន ២១ ដោយបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ។»

លោក Allen លេខាទីមួយ ផ្នែកអភិវឌ្ឍន៍ នៃស្ថានទូតនូវែលសេឡង់ប្រចាំកម្ពុជា ឡាវ និងថៃ បានមានប្រសាសន៍ថា «នូវែលហ្សេឡង់ សូមស្វាគមន៍ចំពោះឱកាសនានាក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរអន្តរកាលថាមពលស្អាតនាពេលអនាគត។ ព្រឹត្តិការណ៍ដូចជាសប្តាហ៍ថាមពលស្អាត ផ្តល់ឱកាសដើម្បីបណ្តុះការផ្លាស់ប្តូរជាវិជ្ជមាន និងចែករំលែកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាបន្ទាន់បំផុតដែលពិភពលោកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ។ តាមរយៈ​ការដឹកនាំ និង​ការផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ ដូចជាអ្នកទាំងអស់គ្នាដែលមានវត្តមានក្នុងកម្មវិធីនេះ ដែល​យើង​នឹង​ធ្វើការ​រួមគ្នា​ឆ្ពោះទៅរក​ចក្ខុវិស័យ​នៃ​អនាគត​ពណ៌​បៃតង និង​និរន្តរភាព​​»​

លោកណត្តារុណ នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប (EnergyLab Cambodia)បានមានប្រសាសន៍ថា «យើងសង្ឃឹមថាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣​ នឹងគាំទ្រដល់គោលដៅមួយរបស់ឯកឧត្តម កែវ រតនៈ ក្នុងការបង្កើនថាមពលកកើតឡើងវិញអថេរ (VRE) និងថាមពលសូឡា ដើម្បីបង្កើនសន្តិសុខថាមពលរបស់កម្ពុជា»

កម្មវិធីនេះក៏មានកិច្ចពិភាក្សាលើអាទិភាពសំខាន់ៗសម្រាប់អន្តរកាលថាមពលស្អាតរបស់ប្រទេសកម្ពុជា ដោយមានវាគ្មិនកិត្តិយសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) និង Empacte។ 

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយ អង្គការអេននឺជីឡេប (EnergyLab Cambodia) ក្នុងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយនឹងសហស្ថាបនិករួមមាន រដ្ឋាភិបាលអូស្ត្រាលី និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងទទួលបានមូលនិធិពីអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យដែលទទួលបានមូលនិធិពីសហភាពអ៊ឺរ៉ុបតាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (CzDA)។ 

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ដោយក្នុងនោះរួមមានកម្មវិធីដូចជា៖ កិច្ចពិភាក្សា សិក្ខាសាលា ការតាំងពិព័រណ៍ និងកម្មវិធីលើកកម្ពស់ការយល់ដឹង ដើម្បីបង្ហាញពីការច្នៃប្រឌិត ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាបន្ននៃថាមពលស្អាត។ កម្មវិធីនេះក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន វិស័យសាធារណៈ និងការយល់ដឹងក្នុងចំណោមសាធារណជន។

អំពី EnergyLab​ Cambodia

EnergyLab Cambodia គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលមានគោលដៅបង្កើនបរិមាណថាមពលស្អាតនៅកម្ពុជា ព្រមទាំងជួយជម្រុញឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ​ ២០៣០ របស់ខ្លួនក្លាយជាប្រទេសដែលមានស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមចូលទៅកាន់គេហទំព័រ៖https://cleanenergycambodia.org/cleanenergyweek

សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទង៖

- ស្ថានទូតអូស្រ្តាលី៖ Media.Cambodia@dfat.gov.au

- UNDP: អាត់ ឈុនមួយ អ្នកជំនាញផ្នែកទំនាក់ទំនង នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា, chhunmuoy.ath@undp.org | 077 872 533

- EnergyLab Cambodia: កញ្ញា ញាណ វិភាវីប្រធានផ្នែកទំនាក់ទំនង - vipheavy@energylab.asia  | 010936357

- CAPRED: លោក ឃុត ស៊ននិមលប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងជាន់ខ្ពស់ -  sornnimul.khut@capred.org | 092563474