ជំហានសំខាន់ៗដែលកំពុងត្រូវបានអនុវត្ត ដើម្បីបញ្ចប់ «គ្រោះទុរភិក្សសៀវភៅ»

ដោយ ដាវ ធូហ័ង (Dao Thu Huong) នៃ យូអិនឌីភី ប្រចាំប្រទេសវៀតណាម, មាស ម៉ៅ នៃ យូអិនឌីភី ប្រចាំកម្ពុជា និងខាស៊ូយូគី អ៊ូជី (Kazuyuki Uji) នៃ យូអិនឌីភី ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

2 December 2022

ដាវធូហ័ង មន្ត្រីបរិយាបន្នពិការភាពនៃ យូអិនឌីភី ប្រចាំប្រទេសវៀតណាម (រូបកណ្តាល) ដើរជាមួយសហការីដោយប្រើប្រាស់ឈើច្រត់ពណ៌ស។ ថតដោយ៖ UNDP ប្រចាំប្រទេសវៀតណាម

©UNDP Viet Nam

       លោកផ្លាតូដែលជាទស្សនវិទូជនជាតិក្រិកធ្លាប់និយាយថា «ចំណេះដឹង គឺជាចំណីអាហារនៃស្មារតី។» ការពង្រីកលទ្ធភាពទទួលបានចំណេះដឹង ធ្វើឱ្យស្មារតីកាន់តែរឹងមាំ និងផ្តល់ជាប្រយោជន៍ដល់ជនមានពិការភាពរាប់លាននាក់នៅតាមប្រទេសនានា ដែលពួកគេជាច្រើននាក់កំពុងជួបប្រទះនឹងការផាត់ចេញពីសកម្មភាពនានា ការរើសអើង និងការរស់នៅក្នុងភាពក្រីក្រ។

       សហព័ន្ធជនមានពិការភាពភ្នែកពិភពលោក បានប៉ាន់ប្រមាណថាស្នាដៃបោះពុម្ពផ្សាយជាង ៩០% ក្នុងចំណោមស្នាដៃបោះពុម្ពផ្សាយទាំងអស់ មិនអាចប្រើប្រាស់បានដោយជនមានពិការភាពភ្នែក ឬដែលអ្នកខ្សោយគំហើញនោះឡើយ។ ជាលទ្ធផល ជនមានពិការភាពមិនអាចអានឯកសារបោះពុម្ព និងត្រូវបានគេទុកចោលជាយូរមកហើយ ដែលធ្វើឱ្យពួកគេពុំអាចទទួលបានឱកាសអភិវឌ្ឍន៍មនុស្សភាគច្រើន ដូចជាការការចូលរួមក្នុងវិស័យអប់រំ មុខរបរ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាដើម។ ជាពិសេស ស្ត្រីមានពិការភាព គឺជាក្រុមដែលជួបការលំបាកជាងគេ និងជាអ្នកដែលត្រូវបានគេទុកចោលច្រើនជាងគេ។

    បញ្ហានេះត្រូវបានគេឱ្យឈ្មោះថា ទុរភិក្សសៀវភៅ ដែលកើតមានជាទូទៅនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ បើទោះជាបច្ចេកវិទ្យាព័ត៌មានកំពុងរីកសាយភាយយ៉ាងទូលំទូលាយក៏ដោយ។ ទុរភិក្សសៀវភៅ សំដៅលើការខ្វះខាតដ៏ធ្ងន់ធ្ងរលើលទ្ធភាពទទួលបានការប្រើប្រាស់នូវស្នាដៃបោះពុម្ពផ្សាយ ដូចជា​ សៀវភៅពុម្ពដែលប្រើប្រាស់នៅតាមសាលារៀនក្នុងទម្រង់ដែលអាចប្រើប្រាស់បានដោយជនមានពិការភាព ដែលពួកគេ «មិនអាចអានឯកសារបោះពុម្ពជាទូទៅបាន» ដោយសារតែពួកគេបានបាត់បង់សមត្ថភាពចក្ខុទស្សន៍ ខ្សោយគំហើញ ឬមានបញ្ហាចក្ខុទស្សន៍ (dyslexic) ឬដោយសារតែពួកគេមិនអាចកាន់ ឬបើកទំព័រសៀវភៅបាន ព្រោះតែពិការភាពកាយសម្បទា ដូចជា ការទន់អវយវៈជាដើម។ ដូច្នេះ ពួកគេត្រូវការទម្រង់ ដែលពួកគេអាចប្រើប្រាស់បាន ដូចជាសៀវភៅជាអក្សរស្ទាប (ជាអក្សរប្រៃយ៍) សៀវភៅក្នុងទម្រង់ជាសំឡេង ឬសៀវភៅអេឡិចត្រូនិកជាដើម។

       ដើម្បីបញ្ចប់គ្រោះទុរភិក្សសៀវភៅដែលកំពុងកើតមាននៅទូទាំងសកលលោក មេដឹកនាំពិភពលោកបានអនុម័ត សន្ធិសញ្ញាម៉ារ៉ាកេស ដើម្បីសម្រួលដល់ការទទួលបាននូវការបោះពុម្ពស្នាដៃសម្រាប់ជនមានពិការភាពភ្នែក ជនបាត់បង់សមត្ថភាពចក្ខុទស្សន៍ ឬជនមានពិការភាពដែលមិនអាចអានឯកសារបោះពុម្ពបានដទៃទៀត (ហៅថា «សន្ធិសញ្ញាម៉ារ៉ាកេស») ដែលចូលជាធរមានកាលពីឆ្នាំ ២០១៦។ សន្ធិសញ្ញាម៉ារ៉ាកេសមានគោលបំណងធ្វើឱ្យប្រសើរឡើងលើការបោះពុម្ពស្នាដៃសម្រាប់ជនមានពិការភាពដែលមិនអាចអានឯកសារបោះពុម្ពជាទូទៅបាន ដោយលុបបំបាត់នូវឧបសគ្គផ្នែកច្បាប់ពាក់ព័ន្ធនឹងសិទ្ធិអ្នកនិពន្ធនៅថ្នាក់ជាតិ និងអន្តរជាតិ។ (ដើម្បីឈ្វេងយល់បន្ថែមអំពី សន្ធិសញ្ញាម៉ារ៉ាកេស សូមអានឯកសារសង្ខេបរបស់យើង)។​

        ថ្ងៃទី៣ ខែធ្នូ គឺជាទិវាអន្តរជាតិស្តីពីជនមានពិការភាព ក្រោមប្រធានបទ «ដំណោះស្រាយបរិវត្តន៍កម្មសម្រាប់អភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន៖ តួនាទីនៃនវានុវត្តន៍ក្នុងការជំរុញឱ្យពិភពលោកមានសមធម៌ និងផាសុកវត្ថុដល់ជនមានពិការភាព។» សន្ធិសញ្ញាម៉ារ៉ាកេសសមស្របបំផុតនឹងប្រធានបទនេះ ត្បិតសន្ធិសញ្ញានេះបណ្តុះស្មារតីឱ្យមានការធ្វើបរិវត្តន៍កម្មទូទាំងសកលលោក ដើម្បីលើកកម្ពស់បរិយាបន្នពិការភាព ផាសុកវត្ថុ និងសមធម៌ដល់ជនមានពិការភាព តាមរយៈនវានុវត្តន៍ផ្នែកច្បាប់។

        ការអនុវត្តសន្ធិសញ្ញាម៉ារ៉ាកេសប្រកបដោយប្រសិទ្ធភាព អាចនាំមកនូវការផ្លាស់ប្តូរសំខាន់ៗ។ ឧទាហរណ៍ នាពេលបច្ចុប្បន្ននេះ ជនមានពិការភាពដែលមិនអាចអានឯកសារបោះពុម្ពជាទូទៅបាន នៅប្រទេសឥណ្ឌា ដែលជាប្រទេសដំបូងគេដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាម៉ារ៉ាកេសកាលពីឆ្នាំ ២០១៤ មានលទ្ធភាពអានសៀវភៅចំនួនជិត ៥ លានក្បាល «ដែលពួកគេអាចអានបានដោយប្រើភ្នែក ត្រចៀក ឬម្រាមដៃ» បើធៀបជាមួយនឹងសៀវភៅចន្លោះពី ២00 ដល់ ៣00 ក្បាល មុនពេល ផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ នេះបើតាមអង្គការ DAISY នៅឥណ្ឌា។

កញ្ញា ចិន្តា មន្ត្រីរាជការកម្ពុជា ធ្វើការឱ្យលេខាធិការដ្ឋាននៃក្រុមប្រឹក្សាសកម្មភាពជនពិការ ហើយដែលជាអ្នកខ្សោយគំហើញ កំពុងដើរដោយប្រើប្រាស់ឈើច្រត់ពណ៌ស តាមផ្លូវដែលមានគំនូសសម្រាប់បង្កភាពងាយស្រួលដល់ជនមានពិការភាព។

©អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ

 

       ជាមួយនឹងចក្ខុវិស័យធ្វើឱ្យកាន់តែប្រសើរនូវការអប់រំ មុខរបរ និងបរិយាបន្នសង្គមសម្រាប់ជនមានពិការភាពដែលមិនអាចអានឯកសារបោះពុម្ពជាទូទៅបាន ចាប់តាំងពីឆ្នាំ ២០១៤ មក យូអិនឌីភី បានផ្តល់នូវការគាំទ្របច្ចេកទេស ដើម្បីបង្កើនការយល់ដឹងអំពីគ្រោះទុរភិក្សសៀវភៅ អភិវឌ្ឍន៍សមត្ថភាពរបស់ប្រទេសនានា ដើម្បីផ្តល់សច្ចាប័ន និងអនុវត្តសន្ធិសញ្ញាម៉ារ៉ាកេស និងផ្តល់ជាព័ត៌មានសម្រាប់ធ្វើការកែទម្រង់ផ្នែកច្បាប់ ដោយធ្វើការសហការជាមួយរដ្ឋាភិបាល និងសហគមន៍ពិការភាព។ យូអិនឌីភី បានទទួលជោគជ័យក្នុងការជួយឱ្យប្រទេសថៃ និងឥណ្ឌូនេស៊ី ​ចូលរួមក្នុងសន្ធិសញ្ញាម៉ារ៉ាកេសកាលពីឆ្នាំ ២០១៩ និង ២០២០។ បច្ចុប្បន្ននេះ យូអិនឌីភី កំពុងផ្តល់ការគាំទ្របច្ចេកទេសដល់ប្រទេសកម្ពុជា និងវៀតណាម។ កាលពីពេលថ្មីៗនេះ ប្រទេសអាស៊ានទាំងពីរនេះបានខិតខំគួរឱ្យកត់សម្គាល់ ដើម្បីផ្តល់ការសម្របសម្រួលឱ្យកាន់តែប្រសើរដល់ជនមានពិការភាពដែលមិនអាច​អានឯកសារបោះពុម្ពជាទូទៅបាន។

       នៅឆ្នាំនេះ ប្រទេសវៀតណាមបានសម្រេចនូវសមិទ្ធផលដ៏ធំមួយឆ្ពោះទៅចូលជាសមាជិកនៃសន្ធិសញ្ញាម៉ារ៉ាកេស។ កាលពីខែមិថុនា ឆ្នាំ២០២២ រដ្ឋសភារបស់ប្រទេសវៀតណាមបានអនុម័តលើការធ្វើវិសោធនកម្មច្បាប់ស្តីពី កម្មសិទ្ធិបញ្ញា (IP)។ ច្បាប់កម្មសិទ្ធិបញ្ញាថ្មីនេះ បញ្ចូលបញ្ញត្តិសំខាន់ៗនៃសន្ធិសញ្ញាម៉ារ៉ាកេស ដែលផ្តល់លទ្ធភាព និងជួយសម្រួលដល់ការរៀបចំ ការចែកចាយ និងការផ្តោះប្តូរឆ្លងដែននូវស្នាដៃបោះពុម្ពផ្សាយក្នុងទម្រង់ដែលប្រកបដោយផាសុកវត្ថុដល់ជនមានពិការភាព។ ការចូលជាសមាជិកនៃសន្ធិសញ្ញាម៉ារ៉ាកេសរបស់ប្រទេសវៀតណាម ក៏ត្រូវបានពន្លឿនផងដែរ នៅពេលដែលប្រធានាធិបតីប្រទេសនេះ ចុះហត្ថលេខាលើសំណើររបស់ប្រទេសវៀតណាម កាលពីថ្ងៃទី១ ខែវិច្ឆិកា ដើម្បីដាក់ជូនទៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ទីភ្នាក់ងារសហប្រជាជាតិ និងស្ថាប័នដែលទទួលខុសត្រូវត្រួតពិនិត្យលើការអនុវត្តសន្ធិសញ្ញាម៉ារ៉ាកេស។

       ដើម្បីជួយដល់ដំណើរការកែទម្រង់ផ្នែកច្បាប់នៅក្នុងប្រទេសវៀតណាម យូអិនឌីភី​ បានផ្តល់នូវការគាំទ្របច្ចេកទេសជាច្រើន។ ការគាំទ្រទាំងនេះ រួមមានការវិភាគលើច្បាប់កម្មសិទ្ធិបញ្ញាកន្លងមក ការពិនិត្យលើសេចក្តីព្រាងវិសោធនកម្មច្បាប់ និងផ្តល់អនុសាសន៍មួយចំនួន ដើម្បីឱ្យច្បាប់នេះស្របតាមសន្ធិសញ្ញាម៉ារ៉ាកេស។ ការគាំទ្របច្ចេកទេសនេះ ត្រូវបានផ្តល់ដោយអមជាមួយនឹងឱកាសកសាងសមត្ថភាពសម្រាប់មន្ត្រីរដ្ឋាភិបាល សហគមន៍ជនមានពិការភាព និងអ្នកជំនាញផ្នែកច្បាប់។ ខណៈពេលដែលប្រទេសវៀតណាមត្រៀមខ្លួនចូលជាសមាជិកសន្ធិសញ្ញាម៉ារ៉ាកេស បច្ចុប្បន្ន យូអិនឌីភី កំពុងគាំទ្រដល់ការពិនិត្យលើសេចក្តីព្រាងឯកសារគតិយុត្ត សម្រាប់អនុវត្តច្បាប់កម្មសិទ្ធិបញ្ញាថ្មីនេះ ក្នុងនោះមានបញ្ញត្តិលើកលែងការអនុវត្តតាមសិទ្ធិអ្នកនិពន្ធ សម្រាប់ជនមានពិការភាពដែលមិនអាចអានឯកសារបោះពុម្ពជាទូទៅបានផងដែរ។ ​

       កម្ពុជាក៏កំពុងសម្រេចបានវឌ្ឍនភាពផងដែរ៖ សន្ធិសញ្ញាម៉ារ៉ាកេសត្រូវបានបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ ដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលរបស់ប្រទេសនេះ។ សេចក្តីព្រាងច្បាប់នេះ មានបញ្ញត្តិស្របតាមសន្ធិសញ្ញាម៉ារ៉ាកេស ហើយបច្ចុប្បន្នកំពុងពិនិត្យដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការអនុម័តលើឯកសារវិសោធនកម្មនេះ នឹងនាំកម្ពុជាឱ្យទៅកាន់តែកៀកនឹងការផ្តល់សច្ចាប័នលើសន្ធិសញ្ញាម៉ារ៉ាកេស។​

       យូអិនឌីភី បំពេញតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានការដាក់បញ្ចូលសន្ធិសញ្ញាម៉ារ៉ាកេសទៅក្នុងសេចក្តីព្រាងច្បាប់នេះ ក៏ដូចជាទៅក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ របស់កម្ពុជា។ យូអិនឌីភី​ នឹងបន្តផ្តល់ការគាំទ្រដល់ការផ្តល់សច្ចាប័ន និងការអនុវត្តសន្ធិសញ្ញានេះ ដូចជា តាមរយៈការបង្កើតក្រុមការងារបច្ចេកទេសទទួលបន្ទុកសន្ធិសញ្ញាម៉ារ៉ាកេស ​ដែលចូលរួមសម្របសម្រួលដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នទទួលខុសត្រូវ លើការអនុវត្តច្បាប់សិទ្ធិអ្នកនិពន្ធ និងក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាស្ថាប័នបង្គោលទទួលបន្ទុកកិច្ចការពិការភាពរបស់ប្រទេសនេះ។

       ទិវាអន្តរជាតិស្តីពីជនមានពិការភាព ក៏ក្រើនរំលឹកយើងទាំងអស់គ្នាផងដែរថា នៅមានការងារជាច្រើនទៀត ដែលចាំបាច់ត្រូវធ្វើ ដើម្បីបញ្ចប់គ្រោះទុរភិក្សសៀវភៅ និងដើម្បីសម្រេចឱ្យបាននូវសង្គមមួយដែលមានសមធម៌ បរិយាបន្ន និងយុត្តិធម៌ ដែលជាចក្ខុវិស័យនៅក្នុងរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

 

អត្ថបទដោយ៖

  • ដាវ ធូហ័ង (Dao Thu Huong) នៃ យូអិនឌីភី ប្រចាំប្រទេសវៀតណាម
  • មាស​ ម៉ៅ នៃ យូអិនឌីភី ប្រចាំកម្ពុជា
  • ខាស៊ូយូគី អ៊ូជី (Kazuyuki Uji) នៃ យូអិនឌីភី ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

 


សម្រាប់ព័ត៌មានបន្ថែមអំពីសន្ធិសញ្ញាម៉ារ៉ាកេស សូមទាញយកសៀវភៅស្តីពីសន្ធិសញ្ញាម៉ារ៉ាកេស ដែលបោះពុម្ពផ្សាយដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ជាភាសាខ្មែរ) នៅទីនេះ