រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១៖ នៅថ្ងៃចន្ទនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ជាមួយនឹង យូអិនឌីភី (UNDP) ដើម្បីបង្កើនសមត្ថភាពស្ថាប័ន និងដើម្បីអនុវត្តគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់នៅកម្ពុជា។
កិច្ចព្រមព្រៀងដែលមានរយៈពេលពីរឆ្នាំនេះ ចែងលម្អិតពីផ្នែកសហប្រតិបត្តិការជាច្រើន ដើម្បីផ្ដល់ការគាំទ្រដល់មនុស្សវ័យចាស់នៅកម្ពុជា។ ផ្នែកទាំងនេះរួមមាន ការរៀបចំផែនការសកម្មភាពដំណាក់កាលទី II (២០២១-២០២៥) សម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ (២០១៧-២០៣០) និងការអនុវត្តគម្រោងសាកល្បងដែលត្រូវបានជ្រើសរើស។ កិច្ចព្រមព្រៀងនេះ ក៏មានបញ្ចូលការប្រមូលភស្តុតាងពីការសិក្សាស្រាវជ្រាវនានា និងការកសាងសមត្ថភាពដល់មន្ត្រីសមភាគីជាតិ អំពីផលជះមកលើសង្គមសេដ្ឋកិច្ច ដែលកើតចេញពីការពង្រីកការអនុវត្តវិធានការគាំពារសង្គមនានា។ លើសពីនេះ ក៏នឹងមានការពិនិត្យលើលទ្ធភាពពង្រីកសេវាថែទាំសុខភាពដោយមិនគិតថ្លៃដល់ប្រជាពលរដ្ឋដែលមានវ័យជរាផងដែរ។
ខណៈពេលដែលបច្ចុប្បន្ន កម្ពុជាគឺជាប្រទេសដែលមានប្រជាជនវ័យក្មេងជាងគេនៅអាស៊ីអាគ្នេយ៍ ប្រជាជននៅក្នុងប្រទេសនេះក៏កាន់តែមានវ័យចំណាស់ផងដែរ។ ក្នុងឆ្នាំ ២០១៩ ប្រជាជន ៨,៩% មានអាយុ ចាប់ពី ៦០ ឆ្នាំឡើងទៅ កើនឡើងពី ៥,២៥% កាលពីរទសវត្សរ៍កន្លងទៅនេះ។ គេរំពឹងថា តួលេខនេះនឹងកើនឡើងដល់ ២១% ក្នុងឆ្នាំ ២០៥០។ និន្នាការទាំងនេះ មានន័យថា នៅក្នុងរយៈពេលច្រើនទសវត្សរ៍ខាងមុខនេះ ប្រជាជនឋិតក្នុងវ័យកម្លាំងពលកម្ម ដែលរ៉ាប់រងបន្ទុកជួយឧបត្ថម្ភគាំទ្រដល់ក្រុមមនុស្សវ័យចាស់ដែលកាន់តែមានចំនួនច្រើននៅក្នុងប្រទេសនេះ នឹងកាន់តែមានចំនួនតិចទៅៗ។
លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «កម្ពុជា គឺជាប្រទេសដែលមានប្រជាជនវ័យក្មេង ប៉ុន្តែស្ថានភាពមិននៅបែបនេះរហូតនោះឡើយ។ នៅពាក់កណ្ដាលទសវត្សរ៍ ២០២០ យើងនឹងឈានដល់ចំនុចរបត់មួយ ដែលពេលនោះចំនួនអ្នកក្នុងបន្ទុកដែលមានវ័យចាស់ នឹងមានការកើនឡើងក្នុងល្បឿនលឿនជាងចំនួនមនុស្សដែលឋិតនៅក្នុងវ័យកម្លាំងពលកម្ម។ ដូច្នេះ យើងចាំបាច់ត្រូវធ្វើសកម្មភាពពីពេលនេះតទៅ ដើម្បីដាក់ឱ្យអនុវត្តនូវប្រព័ន្ធសោធននិវត្តន៍សម្រាប់មនុស្សវ័យចាស់ និងប្រព័ន្ធគាំពារសង្គមដែលផ្ដល់ឱ្យប្រជាជនដែលមានវ័យចាស់ នូវការឧបត្ថម្ភគាំទ្រ ក៏ដូចជាសេចក្ដីថ្លៃថ្នូរ ដែលពួកគេសមនឹងទទួលបាន។»
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា «ការគោរព និងការយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ គឺជាអ្វីដែលមានសារៈសំខាន់សម្រាប់វប្បធម៌ខ្មែរ។ ក្នុងស្មារតីនេះ ការធានាឱ្យមនុស្សចាស់រស់នៅប្រកបដោយគុណភាពកម្រិតខ្ពស់ តែងតែជាអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ផ្អែកតាមគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ រាជរដ្ឋាភិបាលនឹងសហការជាមួយ UNDP ក៏ដូចជា ដៃគូដទៃទៀត ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា និងកសាងនូវប្រព័ន្ធគាំពារសង្គមដែលកាន់តែរស់រវើកមួយ សម្រាប់គាំទ្រដល់ប្រជាជនគ្រប់រូប ពេញមួយវដ្តជីវិតរបស់ពួកគេ។»
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងមានការរៀបចំកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់នៅកម្ពុជា ក្នុងវិស័យសហប្រតិបត្តិការ ដែលបានឯកភាពគ្នាទាំងនេះ។