ការការពារព្រៃឈើ ដែលជាធនធានទ្រទ្រង់ជីវិត នៅក្នុងខេត្តកំពង់ស្ពឺ៖ ដំណើររឿងរបស់លោក ហ៊ុន សៅ

លោក ហ៊ុន សៅ បានជាប់ឆ្នោតជាប្រធានគណៈកម្មាធិការសហគមន៍តំបន់ការពារធម្មជាតិ រលាក់កងជើង ដែលនៅក្នុងខេត្តកំពង់ស្ពឺ កាលពីឆ្នាំ ២០១៩។ ដោយមានការគាំទ្រពីគម្រោង “ការគ្រប់គ្រងរួមគ្នា ដើម្បីការពារ និងស្តារសវាទីជម្រាល និងប្រព័ន្ធបរិស្ថាន នៅតំបន់ជួរភ្នំក្រវ៉ាញ (ប៉ែកខាងលើ នៃអាងស្ទឹងព្រែកត្នោត)” CoWESគាត់បានដឹកនាំគំនិតផ្ដួចផ្ដើមជាច្រើន ដើម្បីផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋចំនួន ៩៦ គ្រួសារ នៅក្នុងភូមិរបស់គាត់ រួមទាំងការ ល្បាត ដើម្បីការពារការកាប់បំផ្លាញព្រៃឈើ និងបង្កើនជម្រើស រកចំណូល ។ ដំណើររឿង របស់គាត់ ដើម្បីឈានទៅក្លាយជាអ្នកដឹកនាំ និងជាអ្នកដែលមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការការពារព្រៃឈើ គឺជាការលើកទឹកចិត្តដល់អ្នកដទៃ និងអំបាន និងដែលលើសពីការរំពឹងទុក។

21 July 2020

នៅក្នុងរយៈពេល ៣ ឆ្នាំដ៏លំបាក មុខរបររកចំណូល ដើម្បីចិញ្ចឹមគ្រួសារដែលមានសមាជិក ៤ នាក់ របស់ ​លោក ហ៊ុន សៅ គឺការដើរប្រមូលឈើយកទៅលក់។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ដែលគាត់រកបានពីសកម្មភាពកាប់ឈើ ត្រូវបានបាត់បង់ទៅវិញយ៉ាងឆាប់រហ័ស ព្រោះគាត់ត្រូវចំណាយលើសេវាថែទាំសុខភាព ទិញប្រេងឥន្ធនៈ ដើម្បីឱ្យគាត់អាចបន្តធ្វើសកម្មភាពនេះបាន។ គ្រួសាររបស់គាត់មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់គាត់ ដោយ ហ៊ុន សៅ តែងតែចាកចេញពីផ្ទះរយៈពេលយូរ និងទាល់តែព្រឹកព្រលឹមទើបមកដល់ផ្ទះវិញ។

គ្រួសារនេះបានសម្រេចចិត្តប្ដូរទៅ ធ្វើកសិកម្ម ដូចជា ដាំចេក ល្ហុង និងដំណាំដទៃទៀតនៅលើដី ១ ហិចតារបស់ខ្លួន។ ទីផ្សារផលិតផលទាំងនេះ នៅមានកម្រិតនៅឡើយ ហើយពួកគេបន្តជួបការលំបាកក្នុងការរកប្រាក់ចំណូលឱ្យបានជាប់លាប់ ដោយសារតែត្រូវចំណាយខ្ពស់លើការផ្គត់ផ្គង់ទឹក និងខ្វះបច្ចេកទេសក្នុងការធ្វើកសិកម្ម។

កាលពីដើមឆ្នាំ ២០១៩ គម្រោង “ការគ្រប់គ្រងរួមគ្នា ដើម្បីការពារ និងស្តារសវាទីជម្រាល និងប្រព័ន្ធបរិស្ថាន នៅតំបន់ជួរភ្នំក្រវ៉ាញ (ប៉ែកខាងលើ នៃអាងស្ទឹងព្រែកត្នោត)” CoWES បាន ផ្ដើមអនុវត្តសកម្មភាពនៅក្នុងភូមិរបស់ ហ៊ុន សៅ។ ដោយមានការគាំទ្រពីកម្មវិធីបរិស្ថានសកល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង កម្មវិធីអភិវឌ្ឍសហប្រជាជាតិបានជំរុញឱ្យមានការគ្រប់គ្រងបែបសហការ និងការស្ដារដីកសិកម្ម និងតំបន់ព្រៃឈើឡើងវិញ តាមរយៈការគ្រប់គ្រងដី និងការរក្សាលំនឹងទីជម្រាលឲ្យមានចីរភាព។

សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ដែលនៅពេលនោះ កំពុងជួបការលំបាកក្នុងការគ្រប់គ្រង និង ការពារ ព្រៃឈើ បានស្នើសុំឱ្យមានការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ ថ្មីមួយ។ ហ៊ុន សៅ ត្រូវបានជ្រើសរើសជាប្រធានថ្មីរបស់គណៈកម្មាធិការនេះ ក្នុងឆ្នាំ ២០១៩។ ក្នុងតួនាទីថ្មីរបស់គាត់ គម្រោង CoWES បានផ្ដល់ឱ្យគាត់នូវវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រង និងការដឹកនាំសហគមន៍តំបន់ការពារធម្មជាតិ និងអំពីការអនុវត្តក្នុងផ្នែកកសិកម្ម និងទេសចរណ៍ធម្មជាតិ។

សមិទ្ធផលដំបូងរបស់គាត់ក្នុងនាមជាប្រធានសហគមន៍ គឺការដឹកនាំសកម្មភាពគម្រោង ដើម្បីធ្វើឲ្យ ភូមិរបស់គាត់ទទួលបានទឹកពីប្រភពទឹកមួយ ដែលនៅលើភ្នំ និងមានចម្ងាយ ៩,៥ គីឡូម៉ែត្រពីភូមិ។ គាត់បានលើកឡើងថា «ខ្ញុំមិនដែលយល់សប្តិ៍ ថាភូមិរបស់ខ្ញុំនឹងមានប្រព័ន្ធទឹកបែបនេះឡើយ។ បន្ទាប់ពីបានតបំពង់រួច ខ្ញុំដេកមិនលក់អស់មួយយប់ រង់ចាំទឹកហូរមកដល់ ដោយខ្ញុំសប្បាយចិត្តផង និងបារម្ភផង។»

ដោយសារតែភាពជាអ្នកដឹកនាំរបស់ ហ៊ុន សៅ ក្នុងគំនិតផ្ដួចផ្ដើមនេះ ប្រជាពលរដ្ឋ ៩៦ គ្រួសារនៅក្នុងភូមិរបស់គាត់ បច្ចុប្បន្ននេះ​ បានទទួលទឹកប្រើប្រាស់។ ជាមួយនឹងការទទួលបានទឹក បែបនេះ ហ៊ុន សៅ និង ប៉ាវ ខ្លូត ដែលជាប្រពន្ធរបស់គាត់ បានផ្ដើមដាំដំណាំចម្រុះមុខថ្មីៗ និង ចិញ្ចឹមមាន់ និងទា។ ប៉ាវ ខ្លូត ជាអ្នកគ្រប់គ្រងច្បារដំណាំ  និងសត្វ ហើយផលិតស្រាបែបប្រពៃណី ដើម្បី រកចំណូលបន្ថែម។

កាលពីមុន ធ្លាប់តែជាអ្នកកាប់ឈើ ប៉ុន្តែបច្ចុប្បន្ននេះ ហ៊ុន សៅ ដើរល្បាតព្រៃ ដើម្បីតាមដាន និងបង្រ្កាបសកម្មភាពកាប់ឈើខុសច្បាប់ ។ គាត់ប្រមូលអនុផលព្រៃឈើសម្រាប់ប្រើប្រាស់ក្នុងការផលិតឱសថ​បុរាណ និងជូនភ្ញៀវទេសចរណ៍ដែលចូលចិត្ត ធម្មជាតិជាតិក្នុងព្រៃឈើ ដែលជាកន្លែងដែលគាត់ស្គាល់ច្បាស់ជាងនរណាៗទាំងអស់។ គាត់លក់ឱសថបុរាណ ក្នុងតម្លៃ ២០ ដុល្លារ ក្នុងមួយគីឡូក្រាម ហើយតម្លៃសេវារបស់គាត់ សម្រាប់ការនាំភ្ញៀវទេសចរណ៍ធម្មជាតិ  គឺប្រមាណជា ៤០ ដុល្លារ ក្នុងមួយដង ។

គម្រោង CoWES នេះបានបណ្ដុះនូវបំណងប្រាថ្នាថ្មីមួយទៀតសម្រាប់ ហ៊ុន សៅ និងសហគមន៍របស់គាត់ ក្នុងការការពារព្រៃឈើ។ លោកផ្ដល់តម្លៃខ្ពស់ដល់ធនធានទ្រទ្រង់ជីវិតដ៏សំខាន់មួយនេះ ដែលកំពុងផ្ដល់ឱ្យគាត់នូវប្រភពចម្រុះសម្រាប់រកប្រាក់ចំណូល ក៏ដូចជាផ្ដល់នូវប្រាក់ចំណូលសម្រាប់អ្នកដទៃទៀតនៅក្នុងសហគមន៍របស់គាត់​។ «ប្រសិនបើពុំមានព្រៃឈើនោះទេ សហគមន៍នេះនឹងពុំបានទទួល ផលពីអនុផលព្រៃឈើ ឡើយ។ យើងក៏ពុំមានទឹកប្រើប្រាស់ផងដែរ។ ដោយសារតែភូមិនេះឋិតនៅក្នុងតំបន់ភ្នំ ព្រៃឈើអាចសម្រាលទុក្ខលំបាករបស់អ្នកភូមិពីជំនន់ទឹកភ្លៀងនៅរដូវវស្សា និងគ្រោះរាំងស្ងួតនៅរដូវប្រាំងផងដែរ»។