កសាងអនាគត នៃកសិកម្មសរីរាង្គ៖ ដំណើររឿងរបស់លោកស្រី ម៉ុត និងលោក គីម

ការបង្កបង្កើនផលស្រូវ ធ្លាប់តែជាប្រភពចំណូលតែមួយគត់សម្រាប់ ឌី ម៉ុត និង ហួត គីម។ កាលពីឆ្នាំ២០១៩ ពួកគេបានចូលរួម ការងារកសិកម្ម ដែល ផ្ដួចផ្ដើមគំនិត ដោយ “ គម្រោង “ការគ្រប់គ្រងរួមគ្នា ដើម្បីការពារ និងស្តារសវាទីជម្រាល និងប្រព័ន្ធបរិស្ថាន នៅតំបន់ជួរភ្នំក្រវ៉ាញ (ប៉ែកខាងលើ នៃអាងស្ទឹងព្រែកត្នោត)” (ហៅកាត់ថា CoWES)។ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាល ពួកគេអាចធ្វើកសិកម្មសរីរាង្គ ដែលជាមុខរបរ បង្កើនចំណូលបន្ថែមរបស់ខ្លួន លើផ្ទៃដី របស់ពួកគេ។ ការដាំដុះបន្លែសរីរាង្គ បានផ្តល់ឱកាសឲ្យពួកគាត់រកបានប្រាក់ចំណូល នាបច្ចុប្បន្ន និង អនាគត ផងដែរ។

21 July 2020

លោកស្រីឌី ម៉ុត និង លោក ហួត គីម ដែលធ្លាប់តែពឹងអាស្រ័យ លើការបង្កបង្កើនផលស្រូវតែមួយគត់ ក្នុងមួយរដូវ (៣ ទៅ ៦ ខែ ក្នុង១ឆ្នាំ) ពុំអាច ចិញ្ចឹមសមាជិកគ្រួសារដែលមានគ្នា ៧ នាក់របស់គាត់បានឡើយ។ ក្រៅពីទុកភោគផលស្រូវអង្កសម្រាប់បរិភោគ    ពួកគេលក់អង្ករក្នុងបរិមាណ  តិចតួចប៉ុណ្ណោះ ដើម្បីរ៉ាប់រងចំណាយ ក្នុងគ្រួសាររួមមាន របស់របរប្រើប្រាស់ ម្ហូប        ចំណីអហារនៅក្នុងគ្រួសារ និង ការថែទាំសុខភាពដទៃទៀត ។ល។។ កង្វះទឹកប្រើប្រាស់ ជាឧបសគ្គ រារាំងពួកគេក្នុងការដាំបន្លែសម្រាប់បរិភោគ ក្នុងគ្រួសារ ដូច្នេះហើយ ពួកគេត្រូវចំណាយច្រើន ដើម្បីទិញ បន្លែដែលដាំខាងក្រៅភូមិសម្រាប់បរិភោគ​។

កាលពីឆ្នាំ ២០១៨ មានការកសាងផ្លូវមួយខ្សែនៅក្នុងភូមិដក់ពរ ខេត្តកំពង់ស្ពឺ កាត់តាម មុខផ្ទះរបស់ពួកគាត់  ហើយដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្វះទឹកប្រើប្រាស់របស់គ្រួសារ លោកស្រី ឌី ម៉ុតនិង ហួត គីម បានយល់ព្រម ឲ្យក្រុមសាងសាងផ្លូវ ជីកស្រះទឹកមួយ ជាថ្នូរនឹងការជីកយកអាចម៍ដី ទៅប្រើប្រាស់សម្រាប់ការសាងសង់ផ្លូវ។

ជាមួយនឹងលទ្ធភាពមានទឹកប្រើប្រាស់ច្រើនជាងមុន ឌី ម៉ុត បានចាប់ផ្ដើមដាំដំណាំត្រសក់ ប៉េងប៉ោះ ម្រះ សណ្ដែកគួ ត្រកួន និងបន្លែដទៃទៀត។ ហួត គីម ជាជនពិការ ធ្លាប់ទទួលបានការបណ្តុះបណ្តាល អំពីបច្ចេកទេសកសិកម្ម ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមកសិកម្មគំរូ ដែលសម្របសម្រួលដោយអង្គការម្លប់បៃតង និងមានការគំាំទ្រពីគម្រោង “ការគ្រប់គ្រងរួមគ្នា ដើម្បីការពារ និងស្តារសវាទីជម្រាល និងប្រព័ន្ធបរិស្ថាន នៅតំបន់ជួរភ្នំក្រវ៉ាញ (ប៉ែកខាងលើ នៃអាងស្ទឹងព្រែកត្នោត)” (ហៅកាត់ថា CoWES)។ បច្ចេកទេសទាំងនេះ រួមមានការដាំដំណាំនៅក្នុងឡាំង ដើម្បីសន្សំសំចៃទឹក និងជី និងប្រព័ន្ធដំណក់ទឹក ដោយប្រើប្រាស់ផ្លាស្ទិកគ្រប់លើបន្លែដែលដាំហើយ ដើម្បីការពារពីរំហួតទឹក និងជី។ ក្រោយវគ្គបណ្ដុះបណ្ដាលលោក ហួត គីម បានចាប់ផ្ដើមផលិតជីកំប៉ុស្តិ៍  កសិកម្មសរីរាង្គ​ និងរបៀបដាំដុះដោយប្រើប្រាស់បរិមាណទឹកតិច។

លោក ហួត គីម កត់សម្គាល់ឃើញជោគជ័យដំបូងៗជាមួយនឹងការដាំបន្លែ ដោយវាអាចផ្ដល់ឱ្យគាត់នូវចំណូលខ្ពស់ជាងមុន បើធៀបនឹងការស៊ីឈ្នួលគេ ហើយគាត់បានពង្រីកផ្ទៃដីគ្រួសារបន្ថែម ដើម្បីដាំបន្លែសរីរាង្គឱ្យ កាន់តែច្រើនជាងមុន។ បច្ចុប្បន្ននេះ គ្រួសារនេះមានស្បៀងពេញមួយឆ្នាំ ហើយប្រាក់ចំណូលរាល់ថ្ងៃ ដែលជួយឱ្យពួកគេអាចសន្សំប្រាក់ពី ៣-៥ ដុល្លារក្នុងមួយថ្ងៃ។

ជីវភាពរបស់គ្រួសារ លោក ហួត គីម និង លោកស្រី ឌី ម៉ុត ព្រមទាំងសមាជិកសហគមន៍របស់ពួកគេ ដទៃទោតក៏ត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ ។ លោកស្រី ឌី ម៉ុត បានលើកឡើងថា៖ «ស្ថានភាពសុខភាពគ្រួសាររបស់ខ្ញុំ កាន់តែប្រសើរជាងមុន ព្រោះបច្ចុប្បន្ននេះយើងញ៉ាំបន្លែសរីរាង្គ។»

ក្រៅពីការ ដាំដុះ បន្លែសរីរាង្គ ឲ្យមានការលូតលាស់ល្អ គ្រួសារមួយនេះ ក៏មានគំនិតជឿនលឿនអំពីសហគ្រិនភាពផងដែរ។ បច្ចុប្បន្ន កូនស្រីរបស់     លោកស្រី ឌី ម៉ុត និង លោក ហួត គីម បានប្រើប្រាស់ ល្ហុង សណ្ដែកកួ ប៉េងប៉ោះសរីរាង្គ ដែលដាំ ដើម្បីធ្វើបុកល្ហុង លក់។ ការធ្វើកសិកម្មសរីរាង្គ ដោយមានការគាំទ្រពីគម្រោង CoWES ជាច្រក  ផ្ដួចផ្ដើមគំនិតថ្មីៗបន្ថែមទៀត ហួសពីក្ដីស្រមៃរបស់គ្រួសារនេះ ។