សេចក្តីប្រកាសព័ត៌មាន | វេទិកាជាតិលើកទី ៣ ស្តីពីប្លាស្ទិក៖ «ការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា»
3 April 2023
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ – ថ្ងៃនេះ ក្រសួងបរិស្ថាន ស្ថានទូតជប៉ុន គម្រោង 3RproMar នៃGIZ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា បានរៀបចំវេទិកាជាតិលើកទី៣ ស្តីពីប្លាស្ទិក «ការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា»។
វេទិកានេះមានការចូលរួមពីភ្ញៀវកិត្តិយសជាង ២៥០ នាក់ មកពីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ និងអ្នកសិល្បៈផងដែរ។ កម្មវត្ថុចម្បងនៃវេទិកានេះ គឺដើម្បីផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិក ក៏ដូចជាបង្ហាញពីគំនិតផ្តួចផ្តើមលើកកម្ពស់ការយល់ដឹងប្រកបដោយភាពច្នៃប្រឌិតនានា ព្រមទាំងផ្សព្វផ្សាយអាជីវកម្មវិលជុំប្រកបដោយភាពច្នៃប្រឌិតដែលចូលរួមដល់ការដោះស្រាយការបំពុលដោយប្លាស្ទិក។
កំណើនសេដ្ឋកិច្ច និងចំនួនប្រជាជនដ៏ឆាប់រហ័សរបស់កម្ពុជានាពេលថ្មីៗនេះ បានបង្កើននូវចំនួនសំណល់ប្លាស្ទិកយ៉ាងគំហុក ជាមួយនឹងផលប៉ះពាល់អវិជ្ជមានជាច្រើនមកលើបរិស្ថាន និងសុខភាពសាធារណៈនៅប្រទេសកម្ពុជា។
ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធបានអនុវត្តការលើកកម្ពស់វិធាន 4Rs (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) ដោយមានការចូលរួមយ៉ាងសកម្មពីពលរដ្ឋ ពីវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល»។
លោកស្រី Alissar Chaker អ្នកតំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «ការបំពុលដោយប្លាស្ទិកបានក្លាយជាវិបត្តិសម្រាប់ភពផែនដី ដែលទាមទារឱ្យមានសកម្មភាពរួមគ្នាពីគ្រប់ប្រទេសទាំងអស់ដោយមិនគិតពីកម្រិតប្រាក់ចំណូល និងតម្រូវឱ្យមានការពិនិត្យពិច័យអំពីវដ្តនៃប្លាស្ទិក រាប់ចាប់ពីការរចនារហូតដល់ការផលិត ការធ្វើពាណិជ្ជកម្ម ការប្រើប្រាស់ និងចុងក្រោយនោះគឺការគ្រប់គ្រងសំណល់ (មានដូចជាការប្រមូល ការបោះចោល និងការកែច្នៃប្លាស្ទិកឡើងវិញ)»។
ក្នុងន័យដូចគ្នានេះដែរ លោក Taninai Ichitomo រដ្ឋមន្ត្រី និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា «យើងត្រូវការដំណោះស្រាយដែលមានលក្ខណៈវិលជុំជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិប្លាស្ទិក តាមរយៈការកាត់បន្ថយការប្រើប្រាស់ ការផលិតប្លាស្ទិកដែលប្រើបានតែមួយដង ហើយត្រូវប្រើប្រាស់ និងកែច្នៃប្លាស្ទិកឡើងវិញ។ សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្លាស្ទិកនឹងធ្វើឱ្យមានការប្រើសើរឡើង ដោយបង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទិសដៅក្នុងការគ្រប់គ្រងប្លាស្ទិកនាពេលអនាគត»។
ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានគូសបញ្ជាក់បន្ថែមថា «ការដោះស្រាយបញ្ហាប្រឈមនៃបរិស្ថាន ដូចជាការបំពុលដោយប្លាស្ទិក មិនអាចធ្វើបានដោយភាគីណាមួយតែឯកឯងនោះឡើយ។ វាទាមទារនូវភាពជាដៃគូយ៉ាងជិតស្និទ្ធដើម្បីធ្វើការសហការដែលប្រកបដោយនវានុវត្តន៍ ការចែករំលែកចំណេះដឹងរវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល»។
ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានធ្វើសេចក្តីសន្និដ្ឋានបញ្ចប់ថា «ក្រសួងបានប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើឱ្យទីក្រុង ផ្លូវទឹក និងតំបន់ទេសភាពនានាស្អាត គ្មានការបំពុលដោយប្លាស្ទិក។ ខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នាដែលមានវត្តមាន ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការថែរក្សាអនាម័យ សម្រស់ធម្មជាតិ និងភាពចម្រុះនៃប្រទេសជាទីស្រឡាញ់របស់យើង»។
###
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់៖
លោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃក្រសួងបរិស្ថាន តាមរយៈ៖ mengeangtaing@gmail.com
លោក Takanori Kuribayashi លេខាទីមួយនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា តាមរយៈ៖ takanori.kuribayashi@mofa.go.jp
លោក Florian SCHMIDT ទីប្រឹក្សានៃការគ្រប់គ្រងកាកសំណល់ និងសេដ្ឋកិច្ចវិលជុំ តាមរយៈ៖ florian.schmidt1@giz.de
កញ្ញា អ៊ាន មុនីលក្ខណ៍ មន្ត្រីផ្នែកទំនាក់ទំនង នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា តាមរយៈ៖ communications.kh@undp.org
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) គឺជាបណ្តាញអភិវឌ្ឍន៍សកលរបស់អង្គការសហប្រជាជាតិ និងជាស្ថាប័នឈានមុខគេរបស់អង្គការសហប្រជាជាតិធ្វើការដើម្បីបញ្ចប់ភាពអយុត្តិធម៌នៃភាពក្រីក្រ វិសមភាព និងការប្រែប្រួលអាកាសធាតុ។ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) មានវត្តមាននៅប្រទេសចំនួន១៧០ ដែលគាំទ្រប្រទេសទាំងនោះក្នុងការបង្កើតដំណោះស្រាយបែបសមាហរណកម្ម និងចីរភាពសម្រាប់មនុស្ស និងភពផែនដី។ ឈ្វេងយល់បន្ថែមតាមរយៈ៖ https://www.undp.org/cambodia ឬនៅលើបណ្តាញសង្គម @UNDPCambodia។