សេចក្តីថ្លែងការណ៍របស់ UNDP ស្តីអំពីការកៀរគរមូលនិធិរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពកម្ចាត់មីន

2 July 2022

        

    ​​​​​​​    ​​​​​​​រាជធានីភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២៖ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) សូមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានកៀរគរមូលនិធិសំខាន់ៗពីវិស័យឯកជន និងកាកបាទក្រហមកម្ពុជាដើម្បីគាំទ្រដល់ការបោសសម្អាតមីន ដូចបានប្រកាសកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នំា២០២២ នេះ។ 

        សកម្មភាពកម្ចាត់មីន មិនត្រឹមតែជាការបោសសម្អាតគ្រាប់មីនឲ្យអស់ពីផ្ទៃដីដែលមានគ្រាប់មីននោះទេ។ សកម្មភាពកម្ចាត់មីន ផ្តោតការយកចិត្តទុកដាក់ដល់ប្រជាជន និងសង្គម រួមទាំងលទ្ធភាពនានាសម្រាប់ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពរុងរឿង។ 

        បច្ចុប្បន្ននេះ ប្រជាជនជិតមួយលាននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមនឹងហានិភ័យ ខណៈពេលដែលពួកគេរស់នៅ ប្រកបរបរ និងធ្វើការងារក្នុងតំបន់ដែលមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅតែបន្តសម្លាប់មនុស្ស ធ្វើឲ្យរងរបួស និងធ្វើឲ្យសហគមន៍មានការភ័យខ្លាច។ ទាំងនេះ បានរារាំងដល់ការស្តារឡើងវិញ និងការអភិវឌ្ឍ និងរំខានដល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។ 
    
        ក្រោមការដឹកនាំរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) ដែលត្រូវបានតែងតាំងដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងមូលនិធិសកម្មភាពកម្ចាត់មីន ការគាំទ្រនេះនឹងពន្លឿនការងារមនុស្សធម៌ ការអភិវឌ្ឍ ការកសាងសន្តិភាព  តាមរយៈការបោសសម្អាតគ្រាប់មីនដែលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម និងសុខមាលភាពផ្លូវចិត្ត  និងផ្តល់ផ្ទៃដីសុវត្ថិភាពដល់សហគមន៍សម្រាប់ប្រើប្រាស់បង្កបង្កើនផល បង្កើតជាមាគ៌ាសម្រាប់កិច្ចការស្តារឡើងវិញ ដែលផ្តល់ជាប្រយោជន៍ផ្នែកសង្គម  សេដ្ឋកិច្ច និងបរិស្ថាន។ 

        UNDP ត្រៀមខ្លួនជាស្រេចបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងទន្ទឹងរង់ចាំមើលលទ្ធផលនៃសមិទ្ធិផលដ៏អស្ចារ្យនេះ ហើយសង្ឃឹមថាការងារដ៏ប្រពៃនេះនឹងយកទៅចែករំលែកពេលប្រារព្ធខួប ៣០ ឆ្នាំនៃសកម្មភាពកម្ចាត់មីននៅព្រះរាជាណាចក្រកម្ពុជា និងក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ និងថ្នាក់សកលនានាដែលគ្រោងធ្វើក្នុងឆ្នាំនេះទាក់ទងនឹងសកម្មភាពកម្ចាត់មីន។ 

        UNDP សូមជម្រុញឲ្យមានការបន្តចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជនដែលជាតួអង្គដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិ ដើម្បីសម្រេចបានគោលដៅកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ ២០២៥ របៀបវារៈឆ្នាំ ២០៣០ និងការមិនទុកនរណាម្នាក់ចោលនោះទេ។