សហគ្រិនខ្មែរ (KE) និង UNDP រួមគ្នាពន្លឿនការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា

10 May 2021

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១៖ សហគ្រិនខ្មែរ (KE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បង្កើតភាពជាដៃគូយុទ្ធ​សាស្ត្រ​​មួយក្នុងគោលបំណងពន្លឿនការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច​(eCommerce) និងសហគ្រាស​ខ្នាតតូច និង​មធ្យម (SMEs) នៅកម្ពុជា។

ភាពជាដៃគូ​ថ្មីរវាង​ KE និង UNDP នឹងគាំទ្រ​ឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងសហគ្រាស​ខ្នាតតូច និងមធ្យមនៅកម្ពុជា ​ដើម្បី​ធ្វើ​ជា​កត្តាលីករ ជួយ​ឱ្យ​ SMEs អាចពង្រីកសកម្មភាពអាជីវកម្ម​​តាមប្រព័ន្ធអនឡាញ ផ្ដល់សេវា​កម្មថ្មីៗ និង​ស្វែងរក កាលានុវត្តភាពសម្រាប់ធ្វើពាណិជ្ជកម្មអន្តរជាតិ។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ UNDP និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង​ពាណិជ្ជកម្ម​​ បាន​រួមគ្នា​ផ្តួចផ្តើម​កិច្ចសហការណ៍មួយ​ ដែលជាផ្នែកមួយនៃ​សមាសភាគ​សំខាន់ៗក្នុងគម្រោង​ពន្លឿន​ការ ធ្វើ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់កម្ពុជា។​ គំនិតផ្តួចផ្តើម​នេះមាន​គោលបំណង​បង្កើន កាលានុវត្តភាព​ពាណិជ្ជកម្ម​ក្នុងស្រុក និង​​លើឆាកអន្តរជាតិ​សម្រាប់ SMEs តាមរយៈទីផ្សារឌីជីថល និង​បង្កើត​ការងារថ្មីជាង ១០០០ កន្លែងឱ្យបានត្រឹមឆ្នាំ២០២២។ នៅក្នុងគំនិត​ផ្ដួចផ្ដើមរួមគ្នានេះ សហគ្រាស​ខ្នាតតូច និងមធ្យម​​ចំនួន​ ១២៥ នឹងទទួល​បានជំនួយហិរញ្ញវត្ថុ និងការ​បណ្ដុះបណ្ដាល​អំពី​ការ​ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិច តាមរយៈហិរញ្ញប្បទានរួមគ្នាពីក្រសួងពាណិជ្ជកម្ម ក្របខ័ណ្ឌពង្រឹង​សមាហរណ​កម្ម (EIF) រដ្ឋាភិបាលអូស្ត្រាលី និង UNDP។

ជាមួយ​នឹង​ភាព​ជាដៃគូថ្មី និង​ការទទួលបានមូលនិធិបន្ថែមពី​ KE គេរំពឹង​ថា គម្រោងនេះ​នឹង​អាច​ពង្រីក​ការ​គាំទ្រ​ដល់សហគ្រាសខ្នាតតូច​និងមធ្យម ៥០ បន្ថែមទៀត តាមរយៈសកម្មភាពចំនួនពីររបស់​គម្រោង។ សកម្មភាពទាំងនេះរួមមាន កម្មវិធីបណ្ដុះគំនិតធុរកិច្ច (ផ្ដល់ការ​បំពាក់បំប៉ន​ដល់ SMEs នូវ​ជំនាញដែលចាំបាច់ និង​ការគាំទ្រដើម្បីឱ្យអាជីវកម្មទាំងនេះ​បានត្រៀមខ្លួនរួចរាល់) និង​កម្មវិធី​ផ្ដល់​​ជំនួយ​ខ្នាត​តូច (គាំទ្រ​ដល់​ការ​ផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធឌីជីថល)។ ភាពជាដៃគូនេះ​នឹង​ពង្រឹង​សមត្ថភាព ក្នុងការ​គាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុដែលមានស្រាប់ តាមរយៈការ​ប្រមូលផ្ដុំ​បណ្ដាញ​សហគមន៍ក្នុងស្រុក និងអ្នក​ជំនាញអន្តរជាតិ​ឱ្យចូលរួមសហការគ្នា។ ភាពជាដៃគូនេះ ក៏លើកទឹកចិត្ត​ឱ្យមានការរៀបចំកម្មវិធី បែបនវានុវត្តន៍សម្រាប់ប្រព័ន្ធអេកូស៊ីស្ទែមនៃអាជីវកម្មទាំងមូល តាមរយៈការ​​គាំទ្រ​ពី​វិស័យ​ឯកជន និង ទីភ្នាក់ងារ​អភិវឌ្ឍន៍អន្តរជាតិ​ដើម្បីជួយ​ដល់សហគ្រាសតូចបំផុត សហគ្រាសខ្នាតតូច​ និងមធ្យម (MSMEs) និងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច​នៅកម្ពុជា។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ «ផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩បាន​បង្កឱ្យមានផលលំបាកជាច្រើនដល់សហគ្រាសខ្នាតតូច​និងមធ្យម ប៉ុន្តែនេះក៏ជាឱកាស​ដល់អ្នកស្ថាបនាប្រព័ន្ធអេកូឡូស៊ី​​ និង​អ្នកពាក់ព័ន្ធផ្សេងទៀតក្នុងការរៀបចំ យុទ្ធសាស្រ្តដើម្បីជំរុញឱ្យសហគ្រាសខ្នាតតូច​និងមធ្យមមានស្ថេរភាពនិងមានការរីកចម្រើន។ ​​ដើម្បីឆ្លើយ តបទៅកាលៈទេសៈដ៏លំបាកដែលបង្កឡើងដោយជំងឺកូវីដ-១៩ ​SMEs ដែលមានលក្ខណៈសម្បត្តិប្រកប ដោយសក្ដានុពលនឹងមានឱកាសផ្សេងៗដើម្បីទទួលបានជំនួយហិរញ្ញប្បទានពី KE តាមរយៈគម្រោង នេះ។ រចនាសម្ព័ននៃគម្រោងនេះផ្តល់នូវយន្តការដែលមានប្រសិទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទាន និងការ បណ្តុះបណ្តាលដល់ SMEs ឱ្យឈានទៅក្នុងវិស័យឌីជីថល។ ការធ្វើអន្តរាគមន៍បែបនេះ គឺជាការ​ចូល រួមចំណែកក្នុងការពន្លឿននៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលសម្រាប់ជំរុញសេដ្ឋកិច្ចឌីជីថល។»

ចំណុច​គួរ​ឱ្យកត់សម្គាល់ ភាពជាដៃគូនេះក៏ពង្រឹង​បន្ថែម​លើ​កិច្ច​ខិតខំប្រឹង​ប្រែង​រួមគ្នារវាង​ KE និង UNDP នៅក្នុងកិច្ចសហប្រតិបត្តិការកន្លងមក ដូចជាតាមរយៈកម្មវិធី Bluetribe Programme ជាដើម សំដៅធ្វើឱ្យកាន់តែប្រសើរ​នូវ​ប្រព័ន្ធអេកូស៊ីស្ទែម សម្រាប់សហគ្រាសខ្នាតតូច​ និងមធ្យម តាមរយៈការផ្ដល់​ការគាំទ្រ​ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ​ដល់សហគ្រាសខ្នាតតូច​ និងមធ្យម ក្នុងវិស័យជាអាទិភាពនានា។

លោក Nick Beresford នាយក​ UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «UNDP រួមគ្នា​ជាមួយនឹងក្រសួងពាណិជ្ជកម្មមានឆន្ទៈក្នុងការគាំទ្រ​ដល់​កិច្ចប្រឹងប្រែង​របស់​ KE ក្នុងការ​បន្ត​ពង្រឹង​អន្តរកាល​​សេដ្ឋកិច្ច ឆ្ពោះទៅប្រើប្រាស់ប្រព័ន្ធឌីជីថល និងប្រើប្រាស់​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច​។ ការ​គាំទ្រ​នេះ​ផ្ដល់​ឱ្យ​សហគ្រាស​ខ្នាតតូចបំផុត និងសហគ្រាសខ្នាតតូច នូវ​កាលានុវត្តដើម្បីរីកចម្រើន​កាន់តែលឿន បង្កើតការងារ​ និងវិបុលភាពបន្ថែមទៀត​ ដោយអនុវត្តសកម្មភាពទាំងនេះជាមួយនឹង​វិធានការ​ការពារ​ជំងឺកូវីដ-១៩។»

សម្រាប់សំណួរសារព័ត៌មាន សូមទាក់ទង

Mr. Samruol Im, Head of Communications at UNDP Cambodia via samruol.im@undp.org

Mr. Sunsatya Chea, Entrepreneurship Development Manager at Khmer Enterprise via ed@khmerenterprise.info