ផែនដីមានតែមួយ៖ រស់នៅប្រកបដោយនិរន្តរភាព ក្នុងភាពសុខដុមរមនាជាមួយនឹងធម្មជាតិ

8 June 2022
©Manuth Buth/UNDP Cambodia

     អត្ថបទនេះត្រូវបានបោះពុម្ពផ្សាយដំបូងនៅលើសារព័ត៌មាន Post Khmer

     កាលពី ៥០ ឆ្នាំមុន នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ១៩៧២ តំណាងរដ្ឋាភិបាលជាង ១០០រូប បានជួបប្រជុំគ្នានៅក្នុងទីក្រុងស្តុកខុម (ប្រទេសស៊ុយអែត) ដើម្បីចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីបរិស្ថានមនុស្ស ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ថាជាកិច្ចប្រជុំអន្តរជាតិលើកដំបូងបង្អស់ផ្តោតលើបញ្ហាបរិស្ថាន។ ក្រោយសង្គ្រាមលោកលើកទី ២ ការពិភាក្សាអំពីកិច្ចអភិវឌ្ឍន៍នៅក្នុងសកលលោក ភាគច្រើនផ្តោតលើរបៀបវារៈកំណើនសេដ្ឋកិច្ច ហើយបន្ទាប់មក ត្រូវបានពង្រីកវិសាលភាពរបៀបវារៈរបស់ខ្លួនដើម្បីបញ្ចូលបញ្ហាសង្គមនានា ដូចជា បញ្ហាវិសមភាពជាដើម។ ក្តីបារម្ភទៅលើរឿងបរិស្ថានក៏ទើបតែបានចាប់ផ្តើមលេចចេញជារូបរាងនៅទសវត្សរ៍ទី ៧០ តែប៉ុណ្ណោះ។ ភស្តុតាងជាលក្ខណៈវិទ្យាសាស្ត្រកាន់តែច្រើនឡើងត្រូវបានប្រមូលចងក្រង និងបង្ហាញឱ្យឃើញពីផលប៉ះពាល់ដ៏ធំមហិមាដែលមាគ៌ានៃការអភិវឌ្ឍក្នុងសកលលោកបានបង្កឡើងទៅលើបរិស្ថាន។ ក្នុងសន្និសីទទីក្រុងស្តុកខុមនេះ ប្រតិភូបានទទួលស្គាល់ថា យើងមាន «ផែនដីមានតែមួយ» ហើយគោលដៅកាត់បន្ថយភាពក្រីក្រ និងការពារបរិស្ថានមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ។ នេះគឺជាសម្រង់ខ្លឹមសារខ្លះនៃ  សេចក្តីប្រកាសរបស់សន្និសីទនេះ ដែលបានក្លាយជាគោលការណ៍ស្នូលដ៏សំខាន់សម្រាប់របៀបវារៈដែលត្រូវដាក់ចេញក្រោយៗមកទៀត រួមទាំងគោលដៅអភិវឌ្ឍន៍ដោយចីរភាពផងដែរ៖ «មនុស្សមានសិទ្ធិជាមូលដ្ឋាន ដើម្បីទទួលបានសេរីភាព សមភាព និងលក្ខខណ្ឌនៃការរស់នៅដែលសមរម្យ ក្នុងបរិស្ថានមួយប្រកបដោយគុណភាព ដែលអនុញ្ញាតឱ្យពួកគេទទួលបានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខមាលភាព ហើយមនុស្សមានការទទួលខុសត្រូវដ៏ឧឡារិកក្នុងកិច្ចការពារបរិស្ថាន និងធ្វើឱ្យបរិស្ថានកាន់តែមានភាពប្រសើរសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ» ។

     ៥០ ឆ្នាំក្រោយមក ពាក្យពេចន៍ទាំងនេះរឹតតែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ វាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលឡើយ ដែលឃ្លា «ផែនដីមានតែមួយ» ត្រូវបានជ្រើសរើសធ្វើជាពាក្យស្លោកនិមិត្តរូបសម្រាប់ ទិវា  បរិស្ថានពិភពលោក ឆ្នាំ ២០២២។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សហគមន៍អន្តរជាតិបានជួបប្រជុំគ្នានៅក្នុងប្រទេសស៊ុយអែត ក្នុងសន្និសីទស្តុកខុម+៥0 ក្រោមប្រធានបទ «ភពផែនដីដែលមានសុខភាពមាំមួន ដើម្បីវិបុលភាពទាំងអស់គ្នា៖ ការទទួលខុសត្រូវរបស់យើង ឱកាសរបស់យើង» ដើម្បីពិភាក្សាពីសកម្មភាពបន្ទាន់ ប្រកបដោយមហិច្ឆតា ដើម្បីធានាឱ្យបាននូវអនាគតដែលកាន់តែប្រកបដោយនិរន្តរភាព។ ជាការពិត បើទោះជាមានការសម្រេចវឌ្ឍនភាពជាវិជ្ជមានផ្នែកគោលនយោបាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក៏ដោយ កណ្តឹងប្រកាសអាសន្នពីសុខភាពរបស់ភពផែនដីរបស់យើងកំពុងរោទ៍ឮយ៉ាងខ្លាំង ដើម្បីប្រកាសឱ្យយើងទាំងអស់គ្នាបានដឹងថា យើងបានឈានចូលទៅក្នុងស្ថានភាពអាសន្ន ព្រោះតែវិបត្តិជាច្រើនដែលកំពុងកើតមាននៅលើភពផែនដី ហើយដែលវិបត្តិទាំងនេះចាក់ស្រេះប្រទាក់ក្រឡាគ្នា ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់ការបាត់បង់ជីវៈចម្រុះ ការបំពុលបរិស្ថាន ហើយវិបត្តិទាំងនេះបាននិងកំពុងធ្វើឱ្យមានវិសមភាព ហានិភ័យសុខភាព និងបញ្ហាអសន្តិសុខជាសកលកាន់តែខ្លាំងឡើងៗ។ មានការប៉ាន់ប្រមាណថា យើងកំពុងប្រើប្រាស់ធនធានកកើតឡើងវិញ សមមូលនឹងអ្វីដែលត្រូវបានផលិតដោយភពផែនដីស្ទើតែ ២ ភព (១,៦ ភពផែនដី) ទើបយើងអាចបន្តរក្សារបៀបរស់នៅដូចបច្ចុប្បន្ននេះបាន ហើយការរិចរឹលនៃប្រព័ន្ធអេកូឡូស៊ីកំពុងបង្កផលប៉ះពាល់ដល់ប្រជាជនប្រមាណ ៤០% នៃប្រជាជនសរុបក្នុងពិភពលោក។ ដូច្នេះហើយ យើងមិនអាចខ្ជះខ្ជាយពេលវេលាថែមទៀតទេ ប្រសិនបើយើងចង់ស្តារក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ។ ធម្មជាតិត្រូវតែស្ថិតនៅចំណុចស្នូលនៃការអភិវឌ្ឍ ហើយយើងទាំងអស់គ្នា ក្នុងនាមជាសង្គម ក្រុមហ៊ុន និងបុគ្គលម្នាក់ៗ គួរខិតខំប្រឹងប្រែងឱ្យបានកាន់តែច្រើនជាងមុន ដើម្បីរស់នៅក្នុងភាពសុខដុមរមនាជាមួយនឹងធម្មជាតិ។

     កណ្តឹងអាសន្ននេះក៏កំពុងរោទ៍ សម្រាប់កម្ពុជាផងដែរ។ ប្រទេសនេះសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាមួយដ៏អស្ចារ្យក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែទន្ទឹមគ្នានេះ សម្ពាធមកលើធនធានធម្មជាតិ និងផលប៉ះពាល់មកលើបរិស្ថាន ក៏មានកាន់តែច្រើនផងដែរ។ ឧទាហរណ៍ គម្របព្រៃឈើសរុបថយចុះពី ៥៧% មក ៤៧% ចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៨ ដែលមិនត្រឹមតែនាំឱ្យមានការបាត់បង់ជីវៈចម្រុះប៉ុណ្ណោះទេ ថែមទាំងនាំឱ្យមានការបាត់បង់មុខរបរចិញ្ចឹមជីវិតរបស់ប្រជាជននៅតាមជនបទផងដែរ។ ការថយចុះបែបនេះ ក៏បណ្តាលឱ្យចំនួនអាងស្តុកកាបូនមានការថយចុះ ដែលនាំឱ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើន និងរួមចំណែកធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។ បើទោះបីជាកម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នតិចតួចក៏ដោយ ក៏ព្រះរាជាណាចក្រមួយនេះ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះជាងគេដោយសារការគំរាមកំហែង បង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ ដូច្នេះការដាក់ចេញនូវសកម្មភាពអាកាសធាតុ និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាវិធានការដ៏ចំាបាច់បំផុត។ ជាការពិត ប្រជាជនមួយភាគធំពឹងអាស្រ័យលើរបរកសិកម្ម និងរស់នៅក្នុងតំបន់ដែលងាយរងគ្រោះនឹងហានិភ័យទឹកជំនន់។ លើសពីនេះ កំណើនប្រជាជន ការអភិវឌ្ឍទីប្រជុំជន និងបម្លាស់ប្តូរនិន្នាការនៃការប្រើប្រាស់ ក៏នាំឱ្យបរិមាណសំណល់កាន់តែមានការកើនឡើងយ៉ាងច្រើន ដែលក្លាយជាបញ្ហាប្រឈមដ៏ធំសំបើម ជាពិសេស ការកើនឡើងនូវសំណល់នៅតាមទីក្រុងធំៗ។ ភាពខ្វះខាតនៃការគ្រប់គ្រងសំណល់ឱ្យបានសមស្របនាំឱ្យមានការបំពុលខ្យល់ និងការកកស្ទះប្រព័ន្ធលូ និងផ្លូវទឹកដែលនាំឱ្យមានការកើនឡើងនូវហានិភ័យជំនន់ទឹកភ្លៀង និងការបំពុលតំបន់ឆ្នេរ ផ្លូវទឹក និងទឹកក្រោមដី ¹។ 

     ទោះបីជាបញ្ហាប្រឈមមានស្ថានភាពមិនសមប្រកបក៏ដោយ យើងក៏ត្រូវពិនិត្យលើទៅសញ្ញា និងនិន្នាការវិជ្ជមាននានាជាមុនសិន ហើយប្រសិនបើយើងរក្សាឱ្យមាននិរន្តរភាព និងពង្រឹងបន្ថែមនូវដំណោះស្រាយជាបន្តបន្ទាប់ នោះនឹងផ្តល់ឱ្យប្រទេសកម្ពុជានូវឱកាសសម្រាប់ធ្វើការផ្លាស់ប្តូរស្ថានភាពឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។

     ចំណុចទី ១ គឺ មានការទទួលស្គាល់កាន់តែច្រើនឡើងថា បញ្ហាប្រឈមផ្នែកបរិស្ថានមានទំនាក់ទំនងទៅវិញទៅមកជាមួយនឹងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គមដទៃទៀត។ ដូច្នេះ គេចាំបាច់ត្រូវឆ្លើយតបចំពោះបញ្ហាប្រឈមទាំងនោះក្នុង លក្ខណៈជាប្រព័ន្ធ។ វាជារឿងវិជ្ជមានដែលត្រូវកត់សម្គាល់ថា ធម្មជាតិ និងការប្រែប្រួលអាកាសធាតុរឹតតែត្រូវបានបញ្ជ្រាប ទៅក្នុងគោលនយោបាយ និងផែនការតាមវិស័យនានាជាបណ្តើរៗ។ ជាឧទាហរណ៍ ក្នុងវិស័យថាមពល ការប្រកាសមួយចំនួននាពេលថ្មីៗនេះ គឺជាសញ្ញាវិជ្ជមាន ដែលក្នុងនោះរួមមាន ការប្រកាសមិនអនុញ្ញាតឱ្យមានការសាងសង់បន្ថែមទៀតនូវរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅកម្ពុជា លើកលែងតែគម្រោងណាដែលបានទទួលការអនុម័តត្រឹមឆ្នាំ ២០១៩ ការប្រកាសពីការចាំបាច់ឱ្យមានការវិនិយោគបន្ថែមទៀតលើថាមពលកកើតឡើងវិញ និងការប្រកាសថានឹងលែងមានការសាងសង់ទំនប់វារីអគ្គិសនីធំៗបន្ថែមទៀតនៅតាមដងទន្លេមេគង្គ។ លើសពីនេះទៅទៀត គេក៏សង្កេតឃើញមានការប្តេជ្ញាចិត្តស្រដៀងគ្នានេះនៅក្នុងវិស័យផ្សេងទៀតផងដែរ។ ក្នុងន័យនេះ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (ហៅថា UNDP) សហភាពអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែត បាននិងកំពុងធ្វើការងារតាមរយៈសម្ព័ន្ធប្រែប្រួលអាកាសធាតុកម្ពុជា ដើម្បីជួយកម្ពុជារៀបចំផែនការពហុវិស័យ ដោយមានការដាក់ចេញនូវការប្តេជ្ញាចិត្តជាក់លាក់ និងប្រកបដោយមហិច្ឆតា ដើម្បីរួមចំណែកក្នុងការសម្រេចរបៀបវារៈអាកាសធាតុសកល។ អ្វីដែលជាគន្លឹះដ៏សំខាន់នាពេលនេះ គឺត្រូវពន្លឿនការអនុវត្តផែនការទាំងនេះ។ ខណៈពេលដែលគេរំពឹងថារដ្ឋាភិបាលត្រូវដឹកនាំដំណើរការនេះ ភាពជោគជ័យនៃដំណើរការនេះ ក៏ពឹងអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជនផងដែរ។

     ចំណុចទី ២ នោះគឺ ការកើនឡើងនៃការទទួលស្គាល់ថា សកម្មភាពពាក់ព័ន្ធនឹងធម្មជាតិ និងអាកាសធាតុ ក៏ផ្តល់នូវឱកាសសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ ដោយលើកយកសក្តានុពលនៃការបង្កើតការងារបៃតងជាឧទាហរណ៍ ការអនុវត្តយុទ្ធសាស្ត្រជាតិរយៈពេលវែងស្តីពីអព្យាក្រឹតកាបូន នឹងបង្កើតការងារចំនួន ៤៤៩.000 កន្លែងត្រឹមឆ្នាំ ២០៥០។ ផ្ទុយទៅវិញ មានការប៉ាន់ប្រមាណថា ការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុប (ឬ GDP) មធ្យមប្រចាំឆ្នាំរបស់ប្រទេសនេះស្មើនឹង ១០% ត្រឹមឆ្នាំ ២០៥០ ប្រសិនបើពុំមានការអនុវត្តវិធានការបន្ស៊ាំបន្ថែមទៀតនោះទេ។ ខណៈពេលដែលកម្ពុជាបន្តដំណើរលើមាគ៌ាឆ្ពោះទៅរកការក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ វិស័យឯកជនកាន់តែមានតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគលើដំណោះស្រាយ ដើម្បីធម្មជាតិ និងវិធានការអាកាសធាតុ។ ក្នុងន័យនេះ UNDP កំពុងគាំទ្រដល់កម្ពុជា ក្នុងការធ្វើពិពិធកម្មជម្រើសហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីគាំទ្រដល់របៀបវារៈអភិវឌ្ឍន៍ ដូចជា តាមរយៈហិរញ្ញប្បទានបៃតងដែលមានលក្ខណៈនវានុវត្តន៍ជាដើម។ ជាឧទាហរណ៍ នៅក្នុងបរិបទនៃគំនិតផ្តួចផ្តើមហិរញ្ញប្បទានជីវៈចម្រុះ (ឬ BIOFIN) និងក្នុងភាពជាដៃគូជាមួយធនាគារពិភពលោក UNDP កំពុងគាំទ្រដល់ការរៀបចំ និងការដាក់ឱ្យអនុវត្តនូវជម្រើសហិរញ្ញប្បទានប្រកបដោយនិរន្តរភាពជាច្រើន (ដូចជា ទីផ្សារកាបូន និងទេសចរណ៍ធម្មជាតិ) ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិរក្ស និងការគ្រប់គ្រងជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិ។ លើសពីនេះ UNDP ក៏បាននិងកំពុងសហការក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការគាំទ្រដល់ការបង្កើតយន្តការគោលនយោបាយ ដើម្បីឱ្យវិស័យឯកជនធ្វើការកាត់បន្ថយបរិមាណប្លាស្ទិកដែលផងដែរ។

     ចំណុចទី ៣ ប្រជាជនកាន់តែមានការយល់ដឹងអំពីភាពចាំបាច់ក្នុងការគិតសាជាថ្មីពីរបៀបដែលយើងរស់នៅ និងប្រើប្រាស់ ក៏ដូចជាតួនាទីដែលយើងម្នាក់ៗអាចធ្វើបាន ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។ អ្វីដែលជាគន្លឹះសំខាន់នោះគឺ ការបង្កើនកិច្ចខិតខំប្រឹងប្រែងអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ភាពអង់អាច ដើម្បីឱ្យប្រជាជនអាចធ្វើសកម្មភាព និងមានជម្រើសវៃឆ្លាត។ នេះគឺជាអ្វីដែលពាក់ព័ន្ធជាពិសេសចំពោះយុវជន ដែលកាន់តែយកចិត្តទុកដាក់ចំពោះបញ្ហានិរន្តរភាព ដោយសារតែកម្រិតអប់រំ និងការយល់ដឹងកាន់តែខ្ពស់របស់ពួកគេ (ដូចជា តាមរយៈបណ្តាញសង្គម)។ ការយល់ដឹងថ្មីបែបនេះ ក៏ជំរុញឱ្យមាននវានុវត្តន៍ និងនាំឱ្យមានផលជាវិជ្ជមានមកលើនិរន្តរភាពផងដែរ តាមរយៈការផ្លាស់ប្តូររបៀបដែលយើងផលិត និងប្រើប្រាស់ និងទំនាក់ទំនងកាន់តែទូលំទូលាយជាមួយនឹងធម្មជាតិ និងធនធានរបស់វា។ ក្នុងន័យនេះ UNDP តាមរយៈកម្មវិធី Accelerator Lab ក៏កំពុងរិះរក និងទាញប្រយោជន៍ពីសក្តានុពលដែលកើតចេញពីនវានុវត្តន៍នេះ តាមរយៈការឈ្វេងយល់ពីបញ្ហាប្រឈម និងឱកាសថ្មីៗ ព្រមទាំងពិនិត្យមើលវិធីសាស្ត្រដែលប្រជាជនកំពុងអនុវត្ត ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមទាំងនោះ ក៏ដូចជាការធ្វើតេស្តសាកល្បង និងពង្រីកវិសាលភាពដំណោះស្រាយដែល ដែលពិចារណាពីទិដ្ឋភាពយេនឌ័រ និងទិដ្ឋភាពអន្តរជំនាន់ ដូចគ្នានឹងកិច្ចខិតខំប្រឹងប្រែងនៅកម្រិតសកលនានា ដូចជា គំនិតផ្តួចផ្តើមមិនយឺតពេលពេកទេ និង វេទិកាលើកកម្ពស់ភាពអង់អាចរបស់យុវជនក្នុងការអនុវត្តសកម្មភាពអាកាសធាតុ ជាដើម។

     ចំណុចចុងក្រោយ ក្នុងទិវាបរិស្ថានពិភពលោកឆ្នាំនេះ យើងត្រូវរំលឹកប្រាប់ខ្លួនយើងថា យើងមានភពផែនដីតែមួយគត់ ហើយធម្មជាតិត្រូវតែជាស្នូលនៃការអភិវឌ្ឍ និងត្រូវតែជាកម្លាំងចលករ ដើម្បីជួយសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំងអស់។ ការរស់នៅដោយមានភាពសុខដុមរមនាជាមួយនឹងធម្មជាតិ គឺជាជម្រើសតែមួយគត់ដែលយើងមាន! UNDP ប្តេជ្ញាពង្រីកវិសាលភាពនៃកិច្ចខិតខំប្រឹងប្រែង និងភាពជាដៃគូនានា ដើម្បីលើកកម្ពស់ដំណោះស្រាយដោយផ្អែកលើធម្មជាតិ និងវិធានការអាកាសធាតុនានា ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប។ 
 


¹ Facts and figures in this paragraph are taken from the “4th State of Environment Report” published by Cambodia’s Ministry of Environment in 2021.