គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុចម្បងមួយនៃករណីបាត់បង់ជីវិត និងរងរបួសនៅកម្ពុជា នេះបើតាមរបាយការណ៍ថ្មី

23 June 2021

រាជធានីភ្នំពេញ ថ្ងៃទី២៣  ខែមិថុនា ឆ្នាំ២០២១៖ ថ្ងៃនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្មីមួយស្ដីពីគ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោកនៅកម្ពុជា និងការខាតបង់សេដ្ឋកិច្ចដែលបង្កឡើងដោយសារគ្រោះថ្នាក់ទាំងនេះ​ ដោយប្រើប្រាស់ទិន្នន័យឆ្នាំ ២០១៩ ដែលបានពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ (RCVIS)។

ក្នុងឆ្នាំ ២០១៩ នៅកម្ពុជា មានការរងរបួសជិត ១៣.៧០០ ​ករណី និងការបាត់បង់ជីវិតជាង ២.០០០ ករណី ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ដោយជាមធ្យមមានមនុស្ស ៥,៤ នាក់ បាត់បង់ជីវិត រៀងរាល់ថ្ងៃ។ កត្តានេះធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ក្លាយជាមូលហេតុនាំមុខគេ នៃការបាត់បង់ជីវិត និងការរងរបួស នៅក្នុងព្រះរាជាណាចក្រនេះ។ ចំនួនករណីបាត់បង់ជីវិតដែលបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងជិត ២៥% នៅក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ (២០០៩-២០១៩) ពោលគឺខ្ពស់ជាងអត្រាកំណើនប្រជាជន ដែលស្មើនឹង ១៧% សម្រាប់រយៈពេលដូចគ្នា។

របាយការណ៍នេះបង្ហាញថា អ្នកបាត់បង់ជីវិត ៣ ភាគ ៤ គឺជាអ្នកបើកទោចក្រយានយន្ត បន្ទាប់មកថ្មើរជើង អ្នកប្រើប្រាស់រថយន្តគ្រួសារ និងអ្នកប្រើប្រាស់យានយន្តដឹកទំនិញ។ ក្នុងចំណោមយានយន្តពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ដែលបានចុះបញ្ជី មានជាង ៨០%  គឺជាទោចក្រយានយន្ត។ ករណីបាត់បង់ជីវិត ភាគច្រើនកើតឡើងនៅតាមផ្លូវជាតិ និងនៅក្នុងរាជធានី។

នៅពេលដែលគេធ្វើការវាយតម្លៃលើករណីបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវ គឺជាកត្តាចម្បង។ ក្នុងរបាយការណ៍នេះបង្ហាញថា នៅពេលដែលយើងត្រួតពិនិត្យកត្តាដទៃទៀត អថេរធំជាងគេដែលពាក់ព័ន្ធនឹងការបាត់បង់ជីវិត នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្កឡើងដោយសារ «កត្តាចំនួន ៤ ដែលនាំឲ្យមានការបាត់បង់ជីវិត»៖ ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ការបើកបរល្បឿនលឿន ការមិនគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ។ កំហុសរបស់មនុស្សរួមចំណែកនាំឲ្យមានគ្រោះថ្នាក់ប្រមាណ ៩៨% ហើយគ្រោះថ្នាក់ ១៦% នាំឲ្យមានការបាត់បង់ជីវិត។

របាយការណ៍នេះរំលេចឲ្យឃើញពីភាពចាំបាច់ក្នុងការឆ្លើយតបជាបន្ទាន់។ ករណីបាត់បង់ជីវិតជាង ៨០% កើតឡើងភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ ជនរងគ្រោះត្រឹមតែ ៣៥% តែប៉ុណ្ណោះ ដែលបានទទួលសេវាសង្គ្រោះបឋម ដែលថយចុះ ២៤% ធៀបនឹងឆ្នាំ ២០១៨។ លើសពីនេះ មានជនរងគ្រោះត្រឹមតែ ១០% តែប៉ុណ្ណោះ ដែលបានទៅដល់មន្ទីរពេទ្យ ក្រោម ៣០ នាទី ខណៈពេលដែលជនរងគ្រោះភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយ៉ាងហោចណាស់ ១ ម៉ោង ក្រោយពេលរងគ្រោះថ្នាក់។

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កជាបន្ទុកសេដ្ឋកិច្ចក្នុងកម្រិតមួយដ៏ខ្ពស់។ UNDP និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការប៉ាន់ប្រមាណឡើងវិញពីការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាជាលើកទីមួយក្នុងរយៈពេល ១០ ឆ្នាំនេះ និងបានរកឃើញថាមានការខាតបង់ចំនួន ៤៦៦,៨ លានដុល្លារសម្រាប់ឆ្នាំ ២០១៩ ស្មើនឹង ១,៧% នៃផលិតផលសរុប (ផ.ស.ស) ប្រចាំឆ្នាំ។ ក្នុងចំណោមការខាតបង់សរុប ៨៨,៨% ជាការខាតបង់ ដោយសារការបាត់បង់ជីវិត និងការបាត់បង់ប្រាក់ចំណូល ដែលជនរងគ្រោះអាចរកបានពេញមួយជីវិត។

ក្នុងនាមជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប បច្ចុប្បន្ន បញ្ហាស្លាប់ និងឈឺថ្កាត់ ដែលកម្ពុជាជួបប្រទះ គឺជាអ្វី ដែលកើតមានទន្ទឹមគ្នានឹងការកើនឡើងនៃកម្រិតអភិវឌ្ឍន៍របស់ប្រទេស។ របាយការណ៍នេះផ្តល់ជាអនុសាសន៍ឲ្យមានការឆ្លើយតបក្នុងទម្រង់ជាគោលនយោបាយជាច្រើន ដូចជា ការពន្លឿនការរៀបចំគោលនយោបាយ និងការពង្រឹងការប្រមូលទិន្នន័យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលិខិតបទដ្ឋានគតិយុត្តនានា ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ (ជាពិសេស ផ្តោតលើកត្តាទាំង ៤ ដែលនាំឲ្យមានការបាត់បង់ជីវិត ដូចរៀបរាប់ខាងលើ) ការបង្កើនការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកបើកបរ និងការអនុវត្តវិធានការដើម្បីឆ្លើយតបចំពោះស្ថានភាពបន្ទាន់។

លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «នេះជាលើកទី ១ ដែលការវិភាគស៊ីជម្រៅបែបនេះត្រូវបានធ្វើឡើង ដោយការប្រើប្រាស់ប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលមានទំហំធំបែបនេះ។ ការវិភាគនេះបានផ្តល់ឲ្យយើងនូវការយល់ដឹងស៊ីជម្រៅ ពាក់ព័ន្ធនឹងករណីបាត់បង់ជីវិតនៅតាមដងផ្លូវ។ មូលហេតុដែលបណ្តាលឲ្យមានការបាត់បង់ជីវិតនេះ មិនពាក់ព័ន្ធនឹងភេទ ឬអាយុរបស់ជនរងគ្រោះ ឬជនបង្កឡើយ។ ប៉ុន្តែ វាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ការមិនគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរ។ ជារួម វាពាក់ព័ន្ធនឹងឥរិយាបថរបស់អ្នក ដែលជាកត្តាកំណត់ពីការបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។»

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគ.ស.ច.គ. បានមានប្រសាសន៍ថា៖ «គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ មានជំនឿយ៉ាងមុតមាំថា ព័ត៌មានផ្សេងៗក្នុងរបាយការណ៍ រួមជាមួយលទ្ធផលនៃការសិក្សាអំពីការខាតបង់សេដ្ឋកិច្ច គឺជាធាតុចូលយ៉ាងសំខាន់សម្រាប់ការដាក់ចេញនូវវិធានការស័ក្តិសិទ្ធិ និងតម្រង់ទិសគោលនយោបាយរបស់រដ្ឋ និងរបស់អង្គការជាតិ អន្តរជាតិ វិស័យឯកជន ដែលមានសមានចិត្តក្នុងការជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា កាន់តែមានមូលដ្ឋានរឹងមាំបន្ថែម ដើម្បីសហការរួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ និងអ្នករបួស ឆ្លើយតបសមស្របទៅនឹងមូលហេតុ ទីតាំង ពេលវេលា និងការខាតបង់សេដ្ឋកិច្ចដោយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈសកម្មភាព និងបេសកកម្មពាក់ព័ន្ធ រួមទាំងការបន្តរឹតបន្តឹងការអនុវត្តច្បាប់ ការកែលម្អលក្ខខណ្ឌបច្ចេកទេសផ្លូវ ស្ពាន ពិសេសការអប់រំផ្សព្វផ្សាយជាដើម។»

-ចប់-

Press Release (English): https://www.kh.undp.org/content/cambodia/en/home/presscenter/pressreleases/2021/traffic-is-the-leading-cause-of-deaths-and-injuries-in-cambodia-.html

Full Report: https://www.kh.undp.org/content/cambodia/en/home/library/road-traffic-accidents-in-cambodia.html